កុំ​បាក់ទឹកចិត្ត​បើ​អ្នក​បរាជ័យ​ ​ព្រោះ​​ការ​បរាជ័យ​ក៏​ផ្តល់​ប្រយោជន៍​ សំខាន់ៗ​៥​យ៉ាង​នេះ​ដែរ​!​

ថ្វីត្បិត​តែ​គ្មាន​នរណា​ម្នាក់​ចង់​បាន​ការ​ បរាជ័យ​ ​ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​មិន​អាច​ជៀស ​ផុត​នោះ​ទេ។ ​អ្នក​ខ្លះ​នៅ​ពេល​ជួប​រឿង​បរាជ័យ​អ្វី​មួយ​ ​តែង​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម​ ​​ហើយ​បាក់ទឹកចិត្ត​លែង​ចង់​ធ្វើ​អ្វី​បន្ត​ទៀត​។ វា​ជា​រឿង​ធម្មតា​ទេ​ ​ចំពោះ​ការ​ពាល់​អារម្មណ៍​បែបនេះ​ ​​ប៉ុន្តែ​យ៉ាងណាក៏ដោយ ​បរាជ័យ​នេះ​មិន​​អាច​កំណត់​ពី​ជោគជ័យ​វាសនា​របស់​អ្នក​បាន​ឡើយ​។ ​​បើ​អ្នក​គិត​​ផ្លូវ​អវិជ្ជមាន​ខ្លាំង​ពេក​ ​នោះ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ងើប​មុខ​មិន​រួច​នោះ​ឡើយ​។ ផ្ទុយ​ទៅវិញ​ ​ប្រសិនបើ​អ្នក​គិត​ផ្លូវ​វិជ្ជមាន​​​ ​នោះ​ការ​បរាជ័យ​ដែល​អ្នក​បាន​ជួប​នឹង​​ផ្តល់​ប្រយោជន៍​ធំធេង​ដល់​អ្នក​ទៅវិញ​មិន​ខាន​​។ ខាងក្រោម​នេះ​ ​ជា​​​ប្រយោជន៍​សំខាន់ៗ ​ដែល​អ្នក​ទទួល​បាន​ក្រោយ​ជួប​ការ​បរាជ័យ​៖

1.ទទួល​បាន​បទពិសោធន៍​ ​និង ​មេរៀន​សំខាន់​៖ ​​បើ​អ្នក​មិន​បរាជ័យ​ខ្លះ​ទេ​ ​ក៏​មិន​ដឹង​ច្បាស់​ពី​វិធី​ដែល​អាច​ដើរ​ឆ្ពោះ​ទៅ​កាន់​វិថី​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​បាន​ដែរ​។ ​​​ការ​បរាជ័យ​ ​នឹង​ជួយ​ឲ្យ​អ្នក​មាន​បទពិសោធន៍​ ​និង មេរៀន​ដ៏​សែន​សំខាន់​​ក្នុង​ជីវិត​ ​​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់​នៅ​ថ្ងៃ​អនាគត​។

2.ធ្វើ​ឲ្យ​អ្នក​ចេះ​តស៊ូ៖ ​មនុស្ស​ដែល​ជួប​រឿង​បរាជ័យ​ច្រើន​ក្នុង​ជីវិត ​នឹង​ជួយ​ឲ្យ​ពួកគេ​មាន​គំនិត​តស៊ូ​កាន់​តែ​ខ្លាំង​​ដើម្បី​ជំនះ​រាល់​ឧបសគ្គ​ ​និង អាច​ដើរ​ទៅ​ដល់​គោលដៅ​​ឆាប់ៗ​។ ​

3.ចេះ​ប្រឈម​មុខ​នឹង​ការពិត​៖ ​​ការ​បរាជ័យ​ ​អាច​ជួយ​ឲ្យ​អ្នក​ចេះ​ទទួល​ស្គាល់​ការ​ពិត​​ថា ​​​សមត្ថភាព​របស់​អ្នក​នៅ​មាន​កម្រិត​។ ការ​ទទួល​បាន​ការពិត​បែបនេះ​ ​វា​​​អាច​ពង្រឹង​សមត្ថភាព​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​។

4.ជួយ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ជាង​មុន​៖ ​កាល​ណា​ជួប​បញ្ហា​កាន់​តែ​ច្រើន ​អ្នក​ក៏​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន​ជាង​មុន​ផង​ដែរ​ ​ព្រោះ​បើ​មិន​ប្រឹង​គិត​ទេ​ ​គឺ​ប្រាកដ​ជា​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ពេល​ក្រោយ​បាន​ឡើយ​។​ ​ការ​ព្យាយាម​គិត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ ​ដែល​ជួយ​ឲ្យ​​គំនិត​ច្នៃ​ប្រឌិត​កើត​ឡើង​។

5.​​បង្រៀន​ឲ្យ​អ្នក​ចេះ​ដាក់​ខ្លួន៖ ​មនុស្ស​ដែល​​​មិន​ធ្លាប់​បរាជ័យ​ទេ​ ​នោះ​ពួកគេ​​ភាគច្រើន​តែង​បង្ហាញ​ពី​អំនួត​របស់​ខ្លួន​ ​ដោយ​មិន​សូវ​គោរព​អ្នកដទៃ​ឡើយ​។ ការ​អំនួត​បែបនេះ​ ​មិន​អាច​ធ្វើ​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​បាន​ឡើយ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ​​ប្រសិនបើ​ ​ជួប​ការ​បរាជ័យ​ ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ដឹង​ច្បាស់​ថា ​គ្មាន​នរណា​មួយ​អាច​ជោគជ័យ​រហូត​នោះ​ឡើយ​ ​ដូច្នេះ​ហើយ​ត្រូវ​តែ​ចេះ​ដាក់​ខ្លួន​​ឲ្យ​សុភាព​ទើប​​ជា​ជម្រើស​ល្អ​៕

Check Also

ពិនិត្យមើលថាតើម៉ា ស៊ីន Toyota Prius មានរូបរាងយ៉ាងណា បន្ទាប់ពី 303,000 ម៉ាយ

ម៉ាស៊ីន​ Prius នេះ​ត្រូវ​បាន​ គេ​ធ្វេសប្រហែស​ ប៉ុន្តែ​វា​ នៅ​មាន​ជីវិត​ និង​ទាត់​ Share on Facebook Tweet Follow us Share Share …

Leave a Reply

Your email address will not be published.