ការដែលជួបទំនាក់ទំនងនិយាយជាមួយមនុស្សមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ ពេលខ្លះវាអាចធ្វើឱ្យយើងពិបាកចិត្តពេញមួយថ្ងៃក៏មាន។ ភាគច្រើននៃបញ្ហាដែលយើងជួបប្រទះពីមួយថ្ងៃទៅមួយថ្ងៃ កើតឡើងដោយសារតែការមិនសូវជាចេះទំនាក់ទំនងជាមួយមនុស្សឱ្យបានល្អ។
ពេលខ្លះទៅរឿងសាមញ្ញៗធម្មតា បើយើងពុំសូវជាចេះនិយាយ វាអាចក្លាយទៅជារឿងឈ្លោះ ដោយផ្ដល់ឱ្យយើងវិញនូវតែអារម្មណ៍មួរម៉ៅក្ដៅក្រហាយ មិនសប្បាយចិត្ត។ ហេតុនេះអត្ថបទនេះ យើងមកស្គាល់រឿងសំខាន់បីដែលគួរតែដឹង ក្នុងការទំនាក់ទំនងនិយាយជាមួយអ្នកដ៏ទៃ។
1. កុំស្ដាប់ដើម្បីតប ស្ដាប់ដើម្បីចង់ដឹង
ភាគច្រើនយើងមិនសូវជាចេះស្ដាប់គ្នាប៉ុន្មាននោះទេ។ យើងចូលចិត្តបង្ហាញពីគំនិតរបស់យើង ហើយនិយាយប្រាប់គេបើទោះជាត្រូវកាត់គេកាត់ឯងក៏ដោយ ហើយនេះជាមូលហេតុមួយដែលយើងតែងផ្ដោតទៅលើការឆ្លើយតបទៅគេដោយមិនព្យាយាមស្វែងយល់ពីគេសិន។
ជារឿយយើងតែងច្រឡំការស្ដាប់ ហើយនិងការឮ។ ការស្ដាប់ខុសពីការឮ។ ការស្ដាប់មានន័យថាយើងព្យាយាមយល់ និងមើលទៅតាមស្ថានការណ៍ជុំវិញខ្លួន និងព្យាយាមយល់ពីការមើលឃើញរបស់អ្នកដ៏ទៃដែលជាដៃគូរទំនាក់ទំនងជាមួយយើង។
ការដែលខ្វះការស្ដាប់ហើយស្វែងយល់ពីគេនេះជាប្រភពនៃ បញ្ហាមួយចំនួននៅក្នុងការទំនាក់ទំនងប្រចាំថ្ងៃរបស់យើង។ នៅពេលដែលយើងស្ដាប់ក្នុងបំណងស្វែងយល់ ឬរៀនឬចង់ដឹងពីគេ អ្វីៗនឹងផ្លាស់ប្ដូរ។
អ្នកនឹងចាប់ផ្ដើមក្រឡេកមើលមកស្ថានការណ៍ជាមួយនឹងការមើលឃើញថ្មីប្លែក ដោយសារតែអ្នកមិនព្យាយាមបង្ហាញថាអ្នកជាមនុស្សដែលដឹងដប់ ប៉ុន្តែអ្នកបង្ហាញគេថាអ្នកកំពុងព្យាយាមស្វែងយល់អ្វីដែលថ្មី។
ប្រសិនបើវាជាការសន្ទនាមួយដែលមានលក្ខណៈខ្វែងគំនិតមួយ ព្យាយាមស្វែងយល់ពីគេតាមរបៀបការគិតមួយបែបដែលគេនិយមនិយាយថា ប្រសិនបើអ្នកជាគេតើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច។ អ្នកនឹងអាចនឹងស្វែងរកឃើញពីមូលហេតុថាហេតុអ្វីបានជាម្នាក់ណុងគេគិតខុសពីអ្នក។
ណឹងហើយ! ប្រហែលជាម្នាក់នោះខុស ឬក៏ ប្រហែលជាគំនិតរបស់អ្នកខុស ឬប្រហែលជាមានរឿងដែលអ្នកមិនទាន់បានដឹងនៅឡើយ។ អ្នកនឹងមិនបានដឹងថាវាយ៉ាងណាឱ្យពិតប្រាកដនោះទេបើអ្នកស្ដាប់ដើម្បីតែតបមកគេវិញនោះ។
ការដែលស្ដាប់ដើម្បីរៀនឬដឹងនេះ នឹងផ្លាស់ប្ដូរបរិយាកាសសន្ទនារបស់អ្នក។ វាមិនចំណេញត្រឹមតែអ្នកបានដឹងអ្វីដែលថ្មីមួយទៀតនោះទេ វាថែមទាំងប្រៀបដូចជាសារមួយបញ្ជាក់ប្រាប់ទៅគេថា អ្នកមិនមែនព្យាយាមអួតអាង ឬក៏អ្នកប្រសើរជាងគេទេ អ្នកមកនេះគឺមកស្ដាប់ដើម្បីដឹង រៀននិងយល់។
ជាលទ្ធផលដៃគូរទំនាក់ទំនងរបស់អ្នកនឹងធ្វើដាក់អ្នកវិញស្រដៀងគ្នា ដោយបោះបង់ចោលនូវភាពអាត្មានិយម ហើយធ្វើការសន្ទនាមានហេតុមានផល។ ការសន្ទនារបស់អ្នកនឹងទទួលបានផ្លែផ្កា និងជួយអ្នកចំណេញពេលវេលា មិនឱ្យនិយាយពិបាកយល់គ្នា ឬក៏ឈានទៅដល់ជម្លោះ។
មួយទៀតអ្នកបានដឹងនូវអ្វីដែលអ្នកមិនបានដឹងពីមុនមក។ ចំណេញទាំងគេ ចំណេញទាំងយើង។
2. រកអ្វីដែលគេចូលចិត្ត
យើងភាគច្រើនប្រហែលជាមានជំនាញណាស់ខាងមើលឃើញ ពីភាពខុសគ្នារវាងយើងនិងគេ។ ធម្មតាទេដោយសារតែយើង មកពីកន្លែងខុសគ្នា មានប្រវត្តិខុសគ្នា មកពីគ្រួសារផ្សេងគ្នា។
យើងមានចំណង់ចំណូលចិត្តផ្សេងៗគ្នា និងមិនចូលចិត្តរឿងផ្សេងៗគ្នា។ អ្វីដែលមនុស្សភាគច្រើនមានដូចគ្នានោះគឹ យើងចូលចិត្តមនុស្សដែលចូលចិត្តអ្វីដែលយើងចូលចិត្ត។ ពេលដែលយើងស្វែងរកឃើញមនុស្សដែលចូលចិត្តរឿងដូចគ្នា មិនយូរប៉ុន្មានយើងក៏ក្លាយទៅជាមិត្តភក្តិនិងគ្នា។
សាកក្រឡេកមើលទៅមិត្តភក្តិនៅជុំវិញខ្លួនអ្នកទៅ ពួកគេមានចំណូលចិត្តដូចនឹងអ្វីដែលអ្នកចូលចិត្តច្រើន ត្រូវអត់?
ហេតុនេះការដែលស្វែងរកអ្វីដែលអ្នកដ៏ទៃចូលចិត្តគឺជារឿងសំខាន់មួយ។ សាកគិតថាប្រសិនបើអ្នកនិងគេមានចំណាប់អារម្មណ៍ទៅលើអ្វីមួយដែលដូចគ្នា អ្នកនឹងឆាប់ក្លាយទៅជាមិត្តនិងគ្នាៃ ហើយមិត្តភាពរបស់អ្នកនឹងល្អុកល្អើនប្រសើរជាង អត់មានចំណាប់អារម្មណ៍អ្វីដូចគ្នាសោះ។
អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់គេ ដែលអ្នកក៏ចូលចិត្តរឿងនោះដូចគេដែរ។ គ្រាន់តែប៉ុណ្ណឹងអ្នកអាចធ្វើឱ្យគេចូលចិត្តអ្នកបានរួចទៅហើយ។ នៅពេលដែលគេចូលចិត្តអ្នក អ្វីៗនឹងងាយស្រួលក្នុងការទំំនាក់ទំនងជាមួយម្នាក់នោះ។
ពេលខ្លះក៏វាពិបាកដែរដែលទៅរកអ្វីដែលគេចូលចិត្ត តែអ្នកក៏អាចបង្ហាញពីអារម្មណ៍ចូលចិត្តរបស់អ្នកខ្លះៗទៅប្រាប់គេដែរ បើទោះជាអ្នកមិនសូវជាចាប់អារម្មណ៍រឿងនោះក៏ដោយ។
វាមិនមានអ្វីខុសនោះទេ វាមានតែជម្រុញឱ្យជំនាញក្នុងការទំនាក់ទំនងរបស់អ្នកប្រសើរជាងមុន។
3. វែកញែករកហេតុរកផល ព្យាយាមកុំឈ្លោះ
យើងចូលចិត្តនិយាយ ចែករំលែកគំនិតរបស់យើង ប៉ុន្តែអ្វីដែលឧស្សាហ៍កើតឡើងជារឿយៗនោះគឺ គំនិតរបស់យើងវាមិនសូវជាត្រូវជាមួយគេ។
ជាលទ្ធផលយើងត្រូវឈ្លោះជាមួយគេដើម្បីបង្ហាញថាការមើលឃើញ ឬក៏គំនិតរបស់យើងណឹងត្រូវ មានតម្លៃជាងគំនិតគេ ប៉ុន្តែយើងប្រហែលជាមិនបានគិតថា ពេលនោះយើងបានប្រើប្រាស់អារម្មណ៍ទៅឈ្លោះជាមួយគេ ហើយអារម្មណ៍នេះឯងបានដើរតួសំខាន់នៅក្នុងជីវិតដែលវាធ្វើឱ្យយើងហាក់ដូចជាមានអារម្មណ៍ថាអន់ជាងគេ នៅពេលដែលគេនោះបង្ហាញថាគំនិតរបស់គេនោះត្រូវនិងមានតម្លៃជាងគំនិតយើងវិញ។
យើងព្យាយាមការពារគំនិតខ្លួនឯង ទាំងទទឹងទទែង ទាំងដឹងថាវាខុសដោយសារតែពេលនោះយើងមិនបានគិតដោយលើកយកហេតុនិងផលមកគិតទេ យើងគិតដោយប្រើអារម្មណ៍ អារម្មណ៍បញ្ជារមកលើយើង។
អ្នកអាចសាករឭករឿងពីមុនមកថា ប៉ុន្មានដងហើយដែលអ្នកធ្លាប់ឈ្លោះគ្នាជាមួយអ្នកដ៏ទៃឬមនុស្សដែលស្និតនឹងអ្នកដោយសារតែអ្នកមានគំនិតផ្ទុយគ្នា។
វាប្រហែលជាកើតឡើងញឹកញយហើយ ហេតុនេះហើយជំនួសឱ្យការប្រែពីការសន្ទនាទៅជាការឈ្លោះគ្នា អ្នកគួរផ្ដោតទៅលើការទាញវាឱ្យមកជាការពិភាក្សារកហេតុផលវិញ។ នៅពេលណាក៏ដោយឱ្យតែអ្នកចង់ផ្លាស់ប្ដូរការគិតរបស់គេ ឬក៏ឃើញថាគំនិតរបស់អ្នកមានលក្ខណៈប្រឆាំងគ្នាទៅនឹងគំនិតរបស់គេ កុំព្យាយាមបង្ហាញថាអ្នកនឹងធ្វើឱ្យគេភ្លឺភ្នែកថាគំនិតរបស់គេណុងខុស ពីព្រោះច្បាស់ណាស់ថាវានឹងក្លាយទៅជាជម្លោះ។
អ្នកគួរជំនួសមកវិញដោយ បង្ហាញប្រាប់គេថាអ្នកកំពុងព្យាយាមចែករំលែកគំនិតថ្មី ឬក៏វែកញែកឱ្យគេយល់ច្បាស់តែប៉ុណ្ណឹង។
ប្រភព: dengnas.com