មហាសេដ្ឋីល្បីៗក្នុងលោកមានដូចជា Warren Buffett, Barbara Corcoran និងមហាសេដ្ឋីជាច្រើនទៀត មិនចេះតែជោគជ័យដោយចៃដន្យនោះទេ ។ ក្រៅពីហ៊ានទទួលយកហានិភ័យក្នុងការរកស៊ី ពួកគាត់សុទ្ធតែមានវិធីក្នុងការវិនិយោគយ៉ាងត្រឹមត្រូវបំផុតដែរ ។ វិធីទាំង៥ ខាងក្រោមនេះគឺជាវិធីដ៏ឆ្លាតវៃបំផុត៖
1. វិនិយោគនៅក្នុងក្រុមហ៊ុនដែលអ្នកស្គាល់
លោក Warren Buffett បានថ្លែងដូច្នេះថា «ប្រសិនបើធ្វើការវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ហើយអ្នកមិនដែលវិនិយោគនៅក្នុងអាជីវកម្ម នោះអ្នកនឹងមិនយល់អ្វីទៅជាអាជីវកម្មនោះទេ» ។ ត្រូវតែផ្សាភ្ជាប់ទៅនឹងក្រុមហ៊ុន និងឧស្សាហកម្មដែលអ្នកស្គាល់ច្បាស់ ព្រោះថាហានិភ័យវានឹងកើតចេញអ្វីដែលអ្នកមិនដឹងថា ខ្លួនកំពុងវិនិយោគអ្វីហ្នឹងឯង ។
2. វិនិយោគទៅលើសម្លៀកបំពាក់
អ្នកជំនាញខាងផ្នែកអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន Barbara Corcoran បានរៀបរាប់ថាលោកស្រីបានជួលអាផាត់មិនគាត់ដំបូងនៅឆ្នាំ១៩៧៣ ហើយគាត់ប្រមូលបានលុយ ៣៦០ដុល្លារ ហើយបានយកលុយទៅទិញសម្លៀកបំពាក់ថ្មីមួយឈុត ។ លោកស្រីលើកឡើងដូច្នេះថា «វាជារឿងដ៏ឆ្លាតវៃបំផុតដែលខ្ញុំបានធ្វើជាមួយលុយទាំងនោះព្រោះថា ខ្ញុំមានអារម្មណ៍ថា មានអំណាច» ។ ការលើកឡើងរបស់លោកស្រីស្របទៅនឹងការស្រាវជ្រាវថ្មីមួយដែលលើកឡើងថា នៅពេលដែលបុគ្គលិកស្លៀកសម្លៀកបំពាក់ស្អាត គឺពួកគេអាចបំពេញការងារបានល្អជាងមុន ។
3. វិនិយោគទៅលើផ្ទះសម្បែង
ការទិញផ្ទះ គឺជាជំហានដ៏ត្រឹមត្រូវបំផុតដើម្បីធ្វើឱ្យទ្រព្យសម្បត្តិរបស់យើងកើនឡើង ។ នេះបើយោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក David Bach ។ លោកបានលើកឡើងដូច្នេះថា «ប្រសិនបើយុវជនមិនទិញផ្ទះនោះទេ ឱកាសដើម្បីមានទ្រព្យសម្បត្តិនៅក្នុងប្រទេសនេះ គឺតិចតួច ឬគ្មានតែម្ដង» ។ លោកបន្តថាគិតជាមធ្យមម្ចាស់ផ្ទះគឺ មានទ្រព្យសម្បត្តិច្រើនជាងអ្នកជួលផ្ទះ ៣៨ដង ឯណោះ ។
4. វិនិយោគទៅលើខ្លួនឯង
មហាសេដ្ឋី Grant Cardone បានលើកឡើងថា «ការវិនិយោគដ៏ល្អបំផុត គឺការវិនិយោគទៅលើខ្លួនឯង» ។ ការធ្វើវិនិយោគនេះហើយ គឺអាចជួយឱ្យយើងគេចចេញពីបំណុល បង្កើតអាជីវកម្មបាន និងអាចស្វែងរកប្រាក់ចំណូលបានរាប់រយលានដុល្លារ ។ សម្រាប់អ្នកជំនាញរូបនេះវិនិយោគទៅលើខ្លួនឯង គឺចង់សំដៅទៅលើការបណ្ដុះបណ្ដាល សន្និសីទ សិក្ខាសាលា វគ្គសិក្សាផ្សេងៗ និងកម្មវិធីអប់រំផ្សេងៗ ។
5. វិនិយោគទៅលើទំនាក់ទំនងរបស់អ្នក
ការយកពេលវេលាខ្លះដើម្បីបានស្គាល់មនុស្សឱ្យបានច្រើន ជាពិសេសក្រុមការងារ និងអ្នកធ្វើការជាមួយគ្នា ។ អ្នកជំនាញផ្នែកបាល់បោះអាមេរិកលោក Bill Belichick បានមានប្រសាសន៍ថា «វាមានរឿងជាច្រើនដែលអាចកើតឡើងនៅលើទីលាន ។ កីឡាករមានប្រពន្ធ មានមិត្តស្រី មានកូន ហើយគេម្នាក់ៗមានរឿងផ្ទាល់ខ្លួនជាច្រើន ។ រឿងទាំងនោះគឺនៅជាមួយកីឡាករជានិច្ច» ។ ដូច្នេះត្រូវមានពេលខ្លះដើម្បីធ្វើឱ្យទំនាក់ទំនងយើងជិតស្និទ្ធ និងអាចយល់ពីបញ្ហារៀងរាល់ខ្លួនដើម្បីជួយគ្នា ៕