គោលការណ៍ទាំង3ចំណុច ពីស្ថាបនិក Apple ធ្វើឲ្យក្តីស្រមៃរបស់អ្នកឆាប់ ក្លាយជាការពិត

ស្ថាបនិកក្រុមហ៊ុនApple លោក Steve Jobs គឺជាអ្នកបង្កើតបច្ចេកវិទ្យាសម័យទំនើបដែលបានផ្លាស់ប្តូរពិភពលោកយើងនាពេលបច្ចុប្បន្ន មានដូចជា Iphone, Ipad និង Macbook ជាដើម។ ហើយលោក Steve Jobs ក៏ត្រូវបានគេចាត់ទុកជាគំរូឧទាហរណ៍មួយរូបដ៏អស្ចារ្យសម្រាប់មនុស្សលើពិភពលោករៀនសូត្រតាមថា ឲ្យតែអ្នកមានការប្តេជ្ញាចិត្តនិងភាពជឿជាក់ អ្វីៗសុទ្ធតែអាចសម្រេចបានជានិច្ច។

ខាងក្រោមនេះ ពាណិជ្ជកម្មកម្ពុជា សូមលើកយកនូវគោលការណ៍៣ចំនុចរបស់ស្ថាបនិកទូរស័ព្ទ iPhone លោក ស្ទីវ ចប ដែលនឹងធ្វើការក្តីស្រមៃនិងគោលដៅរបស់អ្នកឆាប់ក្លាយជាការពិត៖

គោលការណ៍ទី១៖ រកឲ្យឃើញចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក
ស្ថាបនិក Apple លោក ស្ទីវ ចប ធ្លាប់បានពោលថា លោកមានសំណាងណាស់ដែលលោកអាចរកឃើញនូវអ្វីដែលលោកចូលចិត្តតាំងពីនៅក្មេង។ នៅពេលលោកមានអាយុត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ លោកចាប់ផ្តើមគិតឃើញនូវវការបង្កើតកុំព្យូទ័រជាមួយមិត្តភក្ត័របស់លោកម្នាក់ ហើយ១០ក្រោយមក ក្រុមហ៊ុនរបស់លោក មានតម្លៃរហូតដល់ជាង២ពាន់លានដុល្លារ ដោយមានបុគ្គលិកជាង៤,០០០នាក់។ ប៉ុន្តែជាអកុសល មិនយូរប៉ុន្មានរូបលោកត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនដែលលោកខំបង្កើតដោយស្នាដៃខ្លួនឯង ដោយគេចោទថា លោកគ្មានសមត្ថភាពដឹងនាំក្រុមហ៊ុន ហើយរឿងរ៉ាវទាំងនោះវាពិតជាឈឺចាប់បំផុតសម្រាប់រូបលោក ស្ទីវ ចប។ ដោយសារការស្រលាញ់ខាងវិស័យបច្ចេកវិទ្យា លោកមិនបោះបង់ក្តីសុបិនឡើយ ស្ថាបនិករូបនេះបានទៅបង្កើតក្រុមហ៊ុនថ្មី២ទៀត គឺ Pixar និង Next ហើយអ្វីដែលមិនគួរឲ្យជឿនោះ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនទាំង២របស់លោក មិនយូរប៉ុន្មានលោក ស្ទីវ ចប ក៏ក្លាយជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Apple វិញ។ នេះជាមេរៀនរបស់លោក ស្ទីវចប ហើយក៏ជាមេរៀនសម្រាប់សហគ្រិនជំនាន់ក្រោយៗសម្រាប់រៀនសូត្រផងដែរថា ពេលលំបាក ត្រូវចេះអត់ធ្មត់ ទោះជីវិតលំបាកយ៉ាងណា សូមកុំបាត់បង់ជំនឿលើខ្លួនឯង។ បុគ្កលដែលបានផ្លាស់ប្តូរពិភពលោកម្នាក់នេះ ធ្លាប់បានលើកឡើងថា ការងារគឺជាផ្នែកមួយនៃជីវិត ដូច្នេះអ្នកត្រូវជ្រើសរើសការងារណាដែលខ្លួនឯងស្រលាញ់ចូលចិត្តធ្វើបំផុត។ លោកបានបញ្ជាក់ទៀតថា វិធីតែម្យ៉ាងគត់ដើម្បីធ្វើការងារឲ្យល្អឥតខ្ចោះ គឺធ្វើការងារដែលអ្នកស្រលាញ់ពេញចិត្ត។

គោលការណ៍ទី២៖ ភាពជឿជាក់លើខ្លួនឯងគឺជាផ្លូវនាំទៅរកជោគជ័យ
លោក ស្ទីវចប បានឈប់រៀនពីសាកលវិទ្យាល័យដោយមូលហេតុ គាត់គ្មានលទ្ធភាពបង់ថ្លៃសាលា ខណៈឪពុកម្តាយចិញ្ចឹមរបស់លោក ត្រូវសន្សំលុយរាប់ឆ្នាំដើម្បីតែបង់ថ្លៃសាលាឲ្យលោករៀន ហើយលទ្ធផលដែលលោកទទួលបានពីសាលា គឺមិនសមនិងអ្វីដែលលោកបានចំណាយ ហេតុដូច្នេះហើយបានជាលោកសម្រេចចិត្តឈប់ មិនបន្តទៀត ហើយមកចាប់យកជំនាញវិញ។ បន្ទាប់ពីឈប់ពីសាកលវិទ្យាល័យ ស្ទីវចប បានចូលរៀនវគ្គខ្លីមួយ ផ្នែកគូរប្លង់ Calligraphy ដែលក្រោយមក វគ្គខ្លីដែលលោកបានរៀន គឺជាទុនធ្វើលោកអាចអភិវឌ្ឍន៍ខ្លួនឯង បង្កើតនូវផលិតផលដ៏អស្ចារ្យ ដែលមនុស្សជាច្រើនសរសើរមិនដាច់ពីមាត់នោះគឺ MacBook និង iPhone។ ស្ថាបនិកដែលធ្លាប់គេបញ្ចេញចេញពីក្រុមហ៊ុនខ្លួនឯងរូបនេះបានពន្យល់ថា លោកជឿលើអ្វីដែលលោកគិតថា រូបលោកមានសមត្ថភាព អាចធ្វើបាន គឺបង្កើតអ្វីមួយដែលល្អឥតខ្ជោះ ទោះបីជារូបលោកទទួលបរាជ័យរាប់សិបដងក៏ដោយចុះ ក៏លោកមិនព្រមបោះបង់មហិច្ឆតានិងការខិតខំប្រឹងប្រែងចោលដែរ រហូតអាចធ្វើវាបានសម្រេច។

គោលការណ៍ទី៣៖ ធ្វើការឲ្យដូចថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក
កាលពី ស្ទីវចប អាយុបាន១៧ឆ្នាំ លោកបានអានឃ្លាមួយដែលបានជម្រុញទឹកចិត្តរបស់លោករហូតមកគឺ ប្រសិនបើរាល់ថ្ងៃប្រៀបដូចជា ថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក ថ្ងៃណាមួយ ថ្ងៃនោះនឹងមកដល់។ ស្ទីវចប បានពន្យល់ថា ការចងចាំពីការស្លាប់គឺជាឧបករណ៍សំខាន់បំផុត ដែលអាចជួយឲ្យលោក ធ្វើការសម្រេចចិត្តធំៗជាច្រើនក្នុងជីវិត។ លោកលើកឡើងថា គ្រប់អ្វីៗទាំងអស់ ការរំពឹងទុក កិត្តិយស ការភ័យខ្លាច នឹងត្រូវរលាយចេញពីខ្លួនអ្នក នៅពេលអ្នកគិតថា ថ្ងៃនេះ ជាថ្ងៃចុងក្រោយរបស់អ្នក។ ការគិតពីសេចក្តីស្លាប់នេះហើយ ដែលជាវិធីល្អបំផុតដែលលោកប្រើ ដើម្បីរំលឹកខ្លួនឯង ថាលោកគ្មានអ្វីដែលត្រូវខាតបង់ទេ កើតមកមានតែខ្លួនមួយទទេ ស្លាប់ទៅវិញក៏ខ្លួនមួយទទេដែរ ហើយអ្វីដែលលោកបានលះបង់ទាំងអស់នេះគឺដើម្បីមនុស្សជាតិទូទាំងពិភពលោក៕

 

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.