ចុមធ្វើអញ្ចឹងបានទៀត!!! ហេតុអ្វី ផ្ទះជាង ២០០ល្វែង របស់បុរី គឹម ធី នៅក្នុងខណ្ឌពោ ធិ៍សែនជ័យអាចសង់បាន ជិតរួចរាល់ដោយមិនមាន ច្បាប់?

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បានចុះទៅពិនិត្យការដ្ឋាន សាងសង់ផ្ទះល្វែងរបស់ បុរី គឹម ធី ដែលមានទីតាំងនៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះពិនិត្យទីតាំងខាងលើ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ និងមានការចូលរួមពីមន្ត្រីភូមិបាលខណ្ឌ ព្រមទាំងមន្ត្រីការិយាល័យបរិស្ថានខណ្ឌផងដែរ។
បន្ទាប់ពីចុះត្រួតពិនិត្យ អាជ្ញាធរ បានរកឃើញថា សំណង់ផ្ទះល្វែង របស់ បុរី គឹម ធី ចំនួន ២០៩ល្វែង ដែលសាងសង់ជិតរួចរាល់ទៅហើយនោះ មិនទាន់មានច្បាប់អនុញ្ញាតនោះទេ។
ទោះជាយ៉ាងណា អាជ្ញាធរ មិនបានបញ្ចេញឈ្មោះ ម្ចាស់ទីតាំងខាងលើនោះនៅឡើយទេ ដោយអាជ្ញាធរ បានសម្រេចឲ្យផ្អាកសកម្មភាពសាងសង់សំណង់បុរីនេះជាបណ្តោះអាសន្នសិន ដោយរងចាំម្ចាស់ទីតាំងដែលកំពុងនៅក្រៅប្រទេសមកដាក់ពាក្យសុំច្បាប់ឲ្យបានសិន ចាំសាងសង់បន្តទៀត។
ជុំវិញករណីនេះ មហាជនបានលើកជាសំនួរថា ហេតុអ្វីផ្ទះជាង ២០០ល្វែងសាងសង់ជិតរួចរាល់ទៅហើយ ទើបតែអាជ្ញាធរមូលដ្ឋានរកឃើញថាគ្មានច្បាប់?
សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញលិខិត ណែនាំឲ្យ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងម្ចាស់សំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស។
ដោយឡែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ បន្ទាប់ពីបានពិនិត្យឃើញថាសំណង់មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់ត្រឹមត្រូវ ផងដែរ៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.