ឈិន ឡុង ពេលជីវិតអាប់អួរ កុំអាប់អួរតាមជីវិត អ្នកអាចក្រោកឡើងជាថ្មីបាន

លោក ឈិន ឡុង ជាកំពូលតារាភាពយន្តខ្នាតធំហុងកុងនិងហូលីវូដ ដែលមានស្នាដៃសម្តែង សរុបជាង១០០រឿងឯណោះ ក្នុងរយៈពេលជាង៥០ឆ្នាំនៃជីវិតសិល្បៈរបស់គាត់។ ទម្រាំអាចបំពេញក្តីស្រមៃខ្លួនឯង និងជោគជ័យក្នុងអាជីពភាពយន្តរកចំណូលរាប់លានដុល្លារអាមេរិក ដូចសព្វថ្ងៃតារាល្បីឈ្មោះរូបនេះ ឆ្លងកាត់បរាជ័យរហូតអស់លុយពីខ្លួន បទពិសោធន៍ជាប់គុក ក្នុងជីវិតរសាត់អណ្តែតក្រោយអន្តោប្រវេសន៍ជាមួយគ្រួសារនៅអូស្រ្តាលី។

លោកឈិន ឡុង ឈ្មោះក្នុងវិស័យភាពយន្ត Jackie Chan មានឪពុកជាចារបុរសចិន និងជាក្មេងដែលរៀនខ្សោយខ្លាំងនៅសាលា។ កំឡុងពេលរៀនថ្នាក់បញ្ចប់មហាវិទ្យាល័យ គាត់រៀនផង ចាប់ផ្តើមចេញសម្តែងផង ហើយគេចាប់អារម្មណ៍ជាងគេក្នុងរឿងដែលគាត់សម្តែងជាមួយ លី សាវឡុង ( Bruce Lee) និងដើរតួគ្រោះថ្នាក់ជំនួសគេផង។

ក្រោយមកជីវិតតារាក្បាច់គុណរូបនេះ ផ្លាស់ប្តូរទាំងស្រុងក្រោយពេលលោក និងគ្រួសារបានផ្លាស់ប្តូរទីលំនៅមកអូស្រ្តាលី ពេលនោះឪពុកគាត់បានបញ្ជូនកូនអោយរៀននៅសាលាភាពយន្តមួយ ស្ថិតក្រោម ការគ្រប់គ្រងរបស់ចិន ដែលមើលការខុសត្រូវដោយលោក Yu Jim Yuen ហើយបានឆ្លៀតរៀនក្បាច់គុណរហូតបាន”ខ្សែក្រវាត់ខ្មៅ”ទៀតផង។

ទីនេះហើយដែលលោកឈិន ឡុងមានឱកាសបានប្រឡូកក្នុងវិស័យភាពយន្តជាថ្មី និងបានចេញ ផលិតរឿងដោយខ្លួនឯងដំបូងនៅឆ្នាំ១៩៧៥ ប៉ុន្តែជាអកុសលភាពយន្តរបស់គាត់បរាជ័យទាំងស្រុង ធ្វើអោយគាត់បាត់បង់គ្រប់យ៉ាងក្នុងមួយពព្រិចភ្នែក ព្រោះតែរកការងារធ្វើមិនបាន គាត់ក៏ងាកមកធ្វើសំណង់ចិញ្ចឹមក្រពះមួយរយៈសិន និងជាប់ក្តីក្តាំងរហូតជាប់គុកអស់ប៉ុន្មានខែ។

លុះឆ្នាំ១៩៧៦ ក្រោយមានសេរីភាពជាថ្មី គាត់ទទួលសារអញ្ជើញពីផលិតករភាពយន្តលោក Willie Chan ស្នើរអោយដើរតួជំនួស លី សាវឡុង ប៉ុន្តែភាពយន្តមិនទទួលបានជោគជ័យទេ ហើយគាត់និយាយថា “ខ្ញុំមិនអាចធ្វើជា លី សាវឡុងទីពីរទេ ប៉ុន្តែខ្ញុំអាចធ្វើជាខ្លួនឯងតែម្នាក់គត់” និងបន្តថតអោយផលិតកម្មថ្មីទៀត។
នៅឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៧ ក្រោយចុះកុងត្រាជាមួយផលិតកម្មរបស់អាមេរិក គាត់ទទួលបានជោគជ័យជាច្រើនក្នុងវិស័យភាពយន្តជាបន្តបន្ទាប់។ ហើយបានឈានជើងចូលហូលីវូដ នៅឆ្នាំ១៩៨៨ ជាមួយខ្សែភាពយន្តវាយប្រហារជាច្រើន សរុបជាង១០០រឿងឯណោះ។

គួរជម្រាបជូនថា រឿង Bleeding Steel ជាខ្សែភាពយន្តដ៏ល្បី ដែលគាត់ថតក្រោយគេបង្អស់ ទើបនឹងចាក់បញ្ចាំងដើមឆ្នាំ២០១៨នេះ។ ហើយតារាហុងកុងមានទ្រព្យជាង៣៩៥លានដុល្លារអាមេរិករូបនេះ ក៏ធ្លាប់ជំនួយមកកម្ពុជាផ្នែកការពារធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងខេត្តដាច់ស្រយាលមួយចំនួនផងដែរ។

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.