ដេកពុំគ្រប់គ្រាន់ ក៏ជាកត្តាចូល រួមជំរុញជំងឺគាំងបេះដូង និងដាច់ សរសៃឈាមខួរក្បាលដែរ

ជារៀងរាល់ឆ្នាំមនុស្សប្រហែល ១៧.៧លាននាក់ បានស្លាប់ដោយសារជំងឺបេះដូង ជាពិសេស ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អត្រានេះស្មើនឹង ៣១%នៃប្រជាជនស្លាប់ដោយសារជំងឺទាំងឡាយទូទាំងពិភពលោក។ នេះជាអត្រាមួយដ៏ច្រើនខ្លាំងមែនទែន ព្រោះគ្រាន់តែជំងឺមួយប្រភេទប៉ុណ្ណោះអាចសម្លាប់មនុស្សច្រើនដល់ម្លឹង។

ជាការពិតវាមានកត្តាជាច្រើនដែលរួមចំណែកក្នុងការបង្កជំងឺបេះដូង រាប់តាំងពី ការជក់បារី ការបរិភោគអាហារមិនល្អ (សំបូរខ្លាញ់កូលេស្តេរ៉ុលច្រើន និងជាតិប្រៃខ្លាំង) ភាពអសកម្មភាពដោយពុំសូវធ្វើលំហាត់ប្រាណផ្សេងៗឲ្យបានញឹកញាប់ជាដើម។

ថ្មីៗនេះគេបានសិក្សាឃើញថា ការដេកមិនគ្រប់គ្រាន់ ក៏ជាកត្តាជំរុញហានិភ័យនៃជំងឺបេះដូងផងដែរ។

អ្នកដឹងទេថាការដេកមិនត្រឹមជំរុញខ្លួនប្រាណឲ្យធ្វើការជួសជុលកោសិកាខូចខាត ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ និងជួយលាងសម្អាតចោលនូវសារធាតុពុលនៅក្នុងប្រព័ន្ធចរន្តឈាមយើងប៉ុណ្ណោះទេ វាថែមទាំងមានលក្ខណៈជីវសាស្ត្រដ៏អស្ចារ្យមួយក្នុងការត្រួតពិនិត្យសម្ពាធឈាម និងអត្រាចង្វាក់បេះដូងឲ្យស្ថិតក្នុងកម្រិតមួយធម្មតា។ ទាំងនេះជាកត្តាដ៏សំខាន់ខ្លាំងក្នុងការកាត់បន្ថយនៃហានិភ័យនៃការវិវឌ្ឍន៍នៃជំងឺបេះដូងទាំងឡាយ។

ផ្ទុយទៅវិញ ការដេកមិនគ្រប់គ្រាន់(បានយ៉ាងច្រើនត្រឹម ៦ម៉ោងក្នុងមួយថ្ងៃ) បានបង្កើនហានិភ័យនៃជំងឺបេះដូងរហូតដល់ ១១% ក្នុងរយៈ ៩ឆ្នាំទៅមុខទៀត។ អត្រានេះបណ្តាលមកពីតែកត្តាដេកពុំគ្រប់គ្រាន់មួយមុខប៉ុណ្ណោះ។ ចុះកត្តាជាច្រើនផ្សេងទៀត ដែលមនុស្សភាគច្រើនពុំដឹង និងមានការធ្វេសប្រហែសពុំយកចិត្តទុកដាក់។

ជំងឺបេះដូងជាជំងឺមួយដ៏ពិបាកទស្សន៍ទាយទុកមុន និងមិនងាយកំណត់សម្គាល់ដឹងឡើយ។ វាអាចធ្វើឲ្យអ្នកស្លាប់ភ្លាមៗ ដូចជាជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ បើទោះបីជាលោកអ្នកត្រូវបានគេធ្វើការជួយសង្គ្រោះបន្ទាន់ ក៏នៅមានផ្នែកខ្លះនៃខួរក្បាលរងការខូចខាតយ៉ាងខ្លាំងក្លា ដោយសារអវត្តមាននៃការផ្គត់ផ្គង់សារធាតុចិញ្ចឹម និងអុកស៊ីសែនត្រឹមតែ២ទៅ៣នាទីប៉ុណ្ណោះ។

ដូច្នេះលោកអ្នកគប្បីព្យាយាមអនុវត្តនូវទំលាប់ក្នុងការដេកយ៉ាងតិចណាស់ឲ្យបាន៧ម៉ោងក្នុងមួយថ្ងៃ ដើម្បីសុខភាពនៃបេះដូងរបស់លោកអ្នកទៅថ្ងៃមុខ៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.