បច្ចេកវិទ្យាក្លាយជាកាបិតមុខពីរ ជះឥទ្ធិពលដល់ការអប់រំនិង ការងារនៅអាស៊ីទាំងមូល

ស្របពេលដែលរដ្ឋាភិបាលអាស៊ានកំពុងវិនិយោគលើបច្ចេកវិទ្យាក៏ដូចជាគ្រឿងម៉ាស៊ីន វាប្រៀបបាននឹងកំបិតមុខពីរ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរការដល់អប់រំ និងការងារ ជាពិសេសវាទាមទារឲ្យមនុស្សមានបច្ចេកទេសប្រើប្រាស់ខ្ពស់ ប្រកបដោយការប្រុងប្រយ័ត្នបំផុត បើមិនចង់ឲ្យកំបិតមុតដៃខ្លួនឯង ។

ថ្លែងក្នុងកិច្ចពិភាក្សា នៅក្រុងម៉ានីល របស់ធនាគារអភិវឌ្ឍន៍អាស៊ាន ក្រុមអ្នកជំនាញលើកឡើងថា វាជាការចាំបាច់ណាស់សម្រាប់តំបន់នីមួយៗក្នុងការការពារអ្នកធ្វើការ និងណែនាំសង្គមឲ្យស្វែងយល់ពីក្តីរំខានរបស់បច្ចេកវិទ្យា ព្រមទាំងប្រើប្រាស់មូលនិធិឯកជនដើម្បីធ្វើការងារទាំងនេះ ។

ងាកទៅមើលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងផ្លាស់ប្តូររបៀបប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាស់ៗរបស់ខ្លួន ទៅរកដំណោះស្រាយបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលកំណើននៃការបង្កើតទីក្រុងឆ្លាតវៃដោយពឹងផ្អែកលើអ៊ីនធឺណេតកំពុងផ្ទុះឡើង ។

ស្របពេលការផ្លាស់ប្តូរនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កាលើកឡើងថា វាអាចជះឥទ្ធិពលដល់កម្មករដែលគ្មានជំនាញ ដូចជាអ្នកបើកបររថយន្តនឹងបាត់បង់ការងារដោយសារ ឡានចេះបើកដោយខ្លួនឯង ។ “យើងត្រូវការស្វែងរកដំណោះស្រាយបន្ថែមដើម្បីកាត់បន្ថយបញ្ហាប្រឈមទាំងនេះ” ។

ចំណែកអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ាន លោក akehiko Nakao លើកឡើងថា ប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិតកើនឡើង នោះការបង្កើតការងារក៏កើនឡើងដែរ ។

របាយការណ៍ពី ADB ឲ្យដឹងថាការកើតឡើងនៃ​ រ៉ូប៉ូត និង បញ្ញាសិប្បនិម្មិត នឹងនាំឲ្យមានការផ្លាស់ប្តូរការងារ ប៉ុន្តែវាបង្កើតដើម្បីជំនួយកម្លាំងក្នុងការធ្វើការ ។ តួនាទីរបស់ម៉ាស៊ីនគឺគ្រាន់តែរៀបចំរបៀបធ្វើការឡើងវិញប៉ុណ្ណោះ ដូចច្នោះម៉ាស៊ីនគ្រាន់តែធ្វើការងារដដែលៗវិលជុំ ដើម្បីជួយមនុស្សកុំឲ្យឈឺក្បាលជាមួយការងារផលិតកម្មខ្លាំងពេក ។

អ្នកស្រី Nandita Parshad នាយករៀបចំថាមពលនិងធនធានធម្មជាតិរបស់ធនាគារអ៊ឺរ៉ុប ឲ្យដឹងថា ការផ្លាស់ប្តូរនៃបច្ចេកវិទ្យាកើនឡើងពីអ្នកវិទ្យាសាស្ត្រ ដូចច្នោះយើងត្រូវការខួរក្បាលមនុស្សនៅពីក្រោយបច្ចេកវិទ្យា ។

ក្នុងនោះអ្នកស្រី Minette Navarrete អគ្គនាយកក្រុមហ៊ុនហ្វីលីពីន Globe Telecom លើកឡើងថា មិនមែនយើងដំឡើងកុំព្យូទ័រនៅក្នុងសាលាហើយអាចបង្រៀនសិស្សបានទេ យើងនៅត្រូវការអ្នកបច្ចេកទេស ក៏ដូចជាគ្រូបង្រៀនដើម្បីបង្រៀនពួកគេ ដូចច្នោះការវិនិយោគមិនមែនធ្វើតែលើម៉ាស៊ីនទេ តែត្រូវការវិនិយោគលើមនុស្ស ។

ត្រឡប់មកនិន្នាការបច្ចេកវិទ្យាកម្ពុជាយើងវិញ ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានប្រៃសណី និង ទូរសគមនាគមន៍ មានប្រសាសន៍ថា ទស្សនៈវិស័យក្នុងការលើកកម្ពស់បច្ចេកវិទ្យានៅឆ្នាំ ២០២០ ចាំបាច់ណាស់ត្រូវការធនធានមនុស្សរាប់តាំងពីប្រជាជនរហូតដល់វិស្វករ ដើម្បីបង្កើតជាសេវា កម្មវិធី និងមុខរបរថ្មីៗ ។

ឯកឧត្តមបញ្ជាក់ថា ឆ្នាំ ២០២០ ក្រសួងខំធ្វើយ៉ាងណាឲ្យសិស្សវិទ្យាល័យបានសិក្សាម៉ោង IT គ្រប់ៗគ្នា ។ ការពិតទៅកម្មវិធីសិក្សាសព្វមានស្រាប់ហើយ ប៉ុន្តែយើងនៅមានបញ្ហាប្រឈមមួយគឺខ្វះសាលកុំព្យូទ័រ ព្រោះមុខវិជ្ជា IT ខុសពីមុខវិជ្ជាផ្សេងៗដែលអាចសរសេរលើក្តារឃាន ហើយអាចរៀនបាន ប៉ុន្តែ IT ត្រូវការកុំព្យូទ័រដើម្បីអនុវត្តន៍ ដែលធ្វើឲ្យក្រសួងអប់រំពិបាកដាក់បញ្ចូលកម្មវិធីសិក្សាមួយនេះ ។

ជុំវិញបញ្ហា បច្ចេកវិទ្យាជាកំបិតមុខពីរនេះស្ថាបនិក Alibaba លោក Jack Ma លើកឡើងថា បច្ចេកវិទ្យាថ្មីៗដែលនឹងអាចបំផ្លាញការងាររបស់មនុស្សជាច្រើន ប៉ុន្តែវាក៏បានបង្កើតការងារថ្មីៗជាច្រើនផងដែរ អ្វីដែលសំខាន់ តើយើងបានត្រៀមខ្លួនប្រើបច្ចេកវិទ្យាទាំងនោះមកបង្កើតការងារឲ្យខ្លួនឯងហើយឬនៅ ។

ជាចុងក្រោយ ស្របពេលដែលបច្ចេកវិទ្យាមានផ្តល់ផលប៉ះពាល់ផង និងជួយមនុស្សផង ជម្រើសតែមួយគត់គឺអ្នកត្រូវមានឆន្ទៈរៀនជំនាញដែលថ្មី ដើម្បីដើរឲ្យទាន់និន្នការនេះ ។

សម្រួលដោយ: Spring

Check Also

ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យា សាស្ត្របានអះអាងថា៖ 99.99% គឺមនុស្សដែលជា អ្នកបង្កឲ្យមានការប្រែប្រួល អាកាសធាតុ

អាមេរិក៖ យោងតាមទិន្នន័យថ្មី នៃការវិភាគដោយប្រព័ន្ធផ្កាយ រណបក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.