ថ្លែងក្នុងឱកាសដែលលោកទទួលបាន សញ្ញាបត្រកិតិ្តយស ពីសាកលវិទ្យាល័យ អាមេរិក មួយគឺ សាកលវិទ្យាល័យ លោកតាបណ្ឌិត កុល ផេង ស្ថាបនិកសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា បានថ្លែងថា បើលោកអ្នកមានកូនតូចៗ សូមកំុទិញទូរស័ព្ទស្មាតហ្វូនឲ្យកូន។
លោកបានថ្លែងយ៉ាងនេះ គឺក្រោយពីលោកបានទៅទស្សនា ប្រទេសជប៉ុន ដែលទីនោះ លោកបានឃើញថា មនុស្សស្ទើរតែគ្រប់គ្នា មើលតែទូរស័ព្ទ មិនមានពេលនិយាយស្តី ទៅគ្នានោះទេ។ រវល់តែមើលទូរស័ព្ទ ទោះកំពុងជិះរថភ្លើង ឬកំពុងនៅភោជនីយដ្ឋាន ក៏ដូចគ្នាដែរ។ លោកបានស្តីបន្ទោសលោក ស្ទីវ ចបដែលជាស្ថាបនិករបស់ អាយ ហ្វូន ថា ព្រោះតែលោក លោកបានធ្វើឲ្យពិភពលោកនេះកាន់តែស្ងាត់ខ្វះការនិយាយទាក់ទងគ្នា។
លោកតា បណ្ឌិត កុលផែង បានថ្លែងបែបលេងសើចថា បើលោកអ្នកទិញអាយ ហ្វូនឲ្យកូន នោះកូនអ្នកក្លាយជាមនុស្សដែលមិនចេះនិយាយទាក់ទងនឹងមនុស្សឯទៀតទេ។ នៅក្នុង កម្មវិធីទទួលសញ្ញាបត្រនោះដែរលោកក៏បានថ្លែង ពីការលំបាកក្នុងការកសាងសាលារបស់លោកនៅកម្ពុជា ក្នុងគ្រាលំបាកដែលកម្ពុជា បានឆ្លងកាត់។
នៅកម្ពុជាយើងសព្វថ្ងៃបើយើងមើលនៅតាមទីសារធារណះតាមសាលាតាមផ្សារទំនើបយើងក៏កំពុងឃើញទិដ្ឋភាពមិនខុសអ្វីពីទិដ្ឋភាពនៅជប៉ុនផងដែរ។ពោលគឺទាំងស្រីទាំងប្រុសយុវជនជំនាន់ក្រោយរបស់កម្ពុជាដើរបណ្តើរមើលតែទូរស័ព្ទ។កក្តានេះក៏នឹងធ្វើឲ្យពេលវេលាដែលពួកគាត់ត្រូវនិយាយគ្នាទំនាក់ទំនងគ្នាក៏ត្រូវកាត់បន្ថយដែរ។
សង្ឃឹមថាការលើកទ្បើងរបស់លោកតាកុលផេងខាងលើនឹងរំលឹកដល់ម្តាយក្មេងៗជំនាន់ក្រោយសូមកម្រិតពេលវេលាដែលកូនៗលេងទូរស័ព្ទ។ពេលពួកគាត់នៅក្មេងជាពេលសម្រាប់ពួកគាត់រៀនពីសង្គមជាជាងរៀនពីទូរស័ព្ទ៕