បាន​ កវី៖«បរាជ័យ​ជា ចំណុច​ល្អ​សម្រាប់ខ្ញុំ ហេតុនេះ​ទើបខ្ញុំ​ឈប់ធ្វើការ មក​បង្កើត​របរ​ខ្លួនឯង»

ភ្នំពេញ៖ ខណៈ​គំនិត​ ​ចេញ​រកស៊ីដោយខ្លួនឯង​ មិនចង់​ធ្វើ​ការងារ​ឲ្យគេ ​កំពុង​ក្លាយជា​ចំណុច​ផ្ដើម​ថ្មី នៃ​ការ​វិវត្ដន៍ ក្នុង​អារម្មណ៍យុវជន​កម្ពុជាមួយចំនួន ពិសេស​អ្នក​ដែល​មាន​ជំនាញច្បាស់លាស់ និង​ធ្លាប់​ប្រឡូក​ក្នុង​ការងារ​ច្រើន​ឆ្នាំ​ តែ​មិនសូវ​មាន​ផ្លែថ្កា ឬនៅតែដដែល​ពីមួយថ្ងៃទៅមួយថ្ងៃ​នោះ កំពុង​តែ​ធ្វើ​ឲ្យ​យុជន​ខ្លះ​ឈប់​ធ្វើ​ការងារឲ្យគេ ដោយ​ងាកមក​បង្កើត​របរ​ដោយខ្លួនឯង ទៅតាមជំនាញដែលខ្លួនមាន​ទៅវិញ​។

ក្នុង​ពេល​ថ្មីៗនេះ ពាណិជ្ជកម្ម​កម្ពុជា បាន​ជួបសម្ភាសន៍ ជាមួយ​យុវជន​ បាន កវី ដែល​បាន​លាឈប់​ពីការ​ងារ អាចទទួលបាន​ប្រាក់ខែ​ខ្ទង់ ៥០០ដុល្លារអាមេរិកក្នុង​១ខែ ងាក​មក​បង្កើត​របរ​ខ្លួនឯងទៅវិញ ដោយ​ផ្អែក​តាម​ជំនាញ​ដែលគេ​បាន​រៀន​ពីការងារ​ជាង​៥កន្លងមក​នោះ​។

កវី បាន​ប្រាប់​មក​ថា «ខ្ញុំ​លាឈប់ពីការងារ មក​បង្កើតរបរខ្លួន​ឯង មកពីខ្ញុំជា​យុវជន​ដែល​ចូលចិត្ដ​ការប្រកួត​ប្រជែង និង​មិន​ខ្លាច​បរាជ័យ ព្រោះ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​រកស៊ីតាម​ជំនាញ​ខ្លួនឯង ហើយមិន​បាន​ផល ខ្ញុំ​ក៏បាន​រៀន​រឹត​តែច្រើន​ពីរបរនេះដែរ​»។

តាមរយៈ​ជំនាញ​ដែល​ទទួលបាន​ពីការរៀន​ដោយខ្លួនឯងតាមយូធូប មិត្ដភក្ដិ និង​ការងារ​ផ្ទាល់ ដោយ​មិន​បាន​រៀន​ពីសាលា​ល្បី ឬមហាវិទ្យាល័យអីដូចគេ គឺជំនាញផ្នែក​វិទ្យាសាស្រ្ដ ការ​ឌីសាញ ថតរូប ថតវីឌីអូជាដើម កវី បាន​ឲ្យដឹងថា រូបគេ​បាន​ប្រឡូក​ក្នុង​ការងារ​លើជំនាញនេះជិត​៥ឆ្នាំ ហើយ​ក៏បាន​រៀន​ច្រើន​ពីវាដែរ អញ្ចឹង​បាន​ជាគេហាន​ចេញរកស៊ីទាំង​វ័យ​ទើបជាង​២០ឆ្នាំ​បែបនេះ​។

សហគ្រិន​វ័យក្មេង​មាន​ដើមកំណើត​ពីខេត្ដ​កំពង់ស្ពឺរូបនេះ​បានប្រាប់ទៀតថា កាល​ពីធ្វើ​ការងារ​ឲ្យគេ រវល់​តាម​ម៉ោងការងារ តែ​ដល់​មក​រកស៊ីខ្លួនឯងរឹត​តែរវល់ តែសប្បាយចិត្ដ ព្រោះ​រវល់​ច្រើន បាន​រៀន​ពីការងារ​ថ្មីៗច្រើន​ជាងមុន ហើយ​ចំណូល​ក៏បាន​គ្រាន់បើជាង​កាល​នៅធ្វើការងារឲ្យគេដែរ។

​កវី​ បាន​អះអាងថា «កាល​ធ្វើ​ជាបុគ្គលិក​គេ យើង​បាន​ប្រាក់ខែថេរ៥០០ដុល្លារ តែមក​បង្កើត​របរខ្លួនឯង ១​ខែ ខ្ញុំ​អាច​ទទួលបាន​គម្រោង​ថ្មីៗ ចាប់ពីពីរ ទៅបីគម្រោង បើគិត​ជា​កម្រៃ​អាច​បាន​ជិត​១ពាន់ដុល្លារដែរ»។

ទាក់ទិន​នឹង​ការ​ចេញរកស៊ី ទាំង​វ័យ​ក្មេង បែបនេះ កវី ក៏បាន​រម្លឹក​ទៅយុវជន​កម្ពុជាយើងដែរថា ការហាន​ចេញ​រកស៊ី គឺ​ជា​រឿង​ប្រសើរ និងអាច​លូតលាស់​លឿន ឲ្យតែដើរលើ​ផ្លូវ​របស់​ខ្លួន​ដែល​ស្គាស់ច្បាស់ និង​កុំ​ធ្វើ​អ្វីតាមតែគេ ទោះបរាជ័យ​ក៏យើងបាន​រៀនពីវាច្រើន​ដែរ​។

កវី បាន​លើកឡើងថា «ដំណក់ញើសដែលបានចេញពីខ្លួនយើងរាល់ថ្ងៃ នឹងក្លាយជា ទ្រព្យសម្បត្តិ ដែល​មាន​តម្លៃ​យ៉ាងពិតប្រាកដ ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់យើង។ ចង់​ទទួលបានតម្លៃពិត ត្រូវ​ឆ្នៃ​សមត្ថ​ភាព​ខ្លួន កុំពឹងលើគ្រួសារ។ ថ្ងៃណា​មួយ​អ្នកនឹងដឹងថា តើតម្លៃពិតនៃយើង ឋិតលើអ្វី? មិន​មែន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភទេ តម្លៃគឺ ភាពមានទំនួលខុសត្រូវលើខ្លួនឯង»។

ទាក់ទិន​នឹង​ចំណុចខាង​លើនេះដែរ ពាណិជ្ជកម្ម​កម្ពុជា តែង​តែជួបសម្ភាសន៍ជាមួយ​ អ្នករកស៊ី និង​អ្នក​ជំនាញជា​ច្រើន ដោយ​សួរ​​ថា «តើ​យុវជន​គួរ​ហាន​ចេញរកស៊ីទាំង​វ័យក្មេង​ដែរទេ»? ក្រុម​អ្នករកស៊ី និង​អ្នក​ជំនាញ​តែង​លើកឡើងថា ការ​ចេញ​រកស៊ី​ទាំង​វ័យក្មេង វា​មិនមែន​ជាអ្វីដែលខុស ឬមិនល្អទេ ឲ្យតែយុវជន​មាន​ក្ដី​ស្រមៃ​ច្បាស់ មាន​គំនិត​វែងឆ្ងាយ និង​ជឿជាក់​លើរបរនោះ អញ្ចឹង​ការចេញរកនោះ និង​អាច​ដើរទៅបាន​ដល់គោលដៅមិនខាន​ឡើយ​។

ជាមួយគ្នានេះដែរ ពាណិជ្ជកម្មកម្ពុជា ក៏លើកទឹកចិត្ដ​ឲ្យកូនខ្មែរ​ហាន​ចេញរកស៊ីដោយ​បង្កើត​របរ និង​យីហោ ខ្លួនឯង ជាឈ្មោះ​ខ្មែរ ដើម្បី​លើក​កម្ពស់​យីហោខ្មែរ ​ផលលិតផល និងសេវាកម្ម​ក្នុង​ស្រុក ជាជាង​ទិញ​យីហោ​បរទេស​មក​ក្នុងស្រុក​ទៅវិញ។

គួរបញ្ជាក់ថា លោក បាន កវី បាន​សម្រេច​ចិត្ដឈប់ពីបុគ្គលិកធ្វើ​ការងារ​ឲ្យគេ ងាកមក​​បង្កើត​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​ផ្នែក​​ផលិត​វីដេអូ ថតរូប និង​​ឌីហ្សាញគ្រប់​ប្រភេទក្រោម​ឈ្មោះថា «K-Media»​ ដែលមាន​ទីតាំង​នៅភ្នំពេញ។

ប្រភព៖Business Cambodia

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ 60 SHARES Share on Facebook Tweet Follow us Share …

Leave a Reply

Your email address will not be published.