បើមិនចង់ប្រែអត្តចរិត អាចសាក ល្បងវិធីនេះ អាចពង្រឹងសុខភាព ផ្លូវចិត្ត ចៀសឆ្ងាយពីបញ្ហារោគចិត្ត

សុខភាពផ្លូវចិត្ត មិនមែនជារឿងលេង សើចទេ។ វាជាកត្តាដ៏សំខាន់កំណត់នូវ លក្ខខណ្ឌសុខភាព ទូទៅរបស់លោកអ្នក បានទៀតផង។ វាអាចធ្វើឲ្យ លោកអ្នកមាន អារម្មណ៍ល្អនិងមានក្តីសង្ឃឹម ប៉ុន្តែវាក៏អាចធ្វើឲ្យលោកអ្នកកើតទុក្ខ និងបាត់បង់នូវគោលដៅក្នុងជីវិតដែរ។

កាលដែលមានបញ្ហាផ្លូវចិត្តយូរៗអាចធ្វើឲ្យបុគ្គលប្រែប្រួលអត្តចរិត និងអាកប្បកិរិយាយ៉ាងខ្លាំង ហើយអាចឈានដល់ក្លាយជាមនុស្សមួយបែបផ្សេងទៀតផង។ ក្រៅពីនេះ បញ្ហាផ្លូវចិត្តអាចធ្វើឲ្យសុខភាពបុគ្គលធ្លាក់ចុះខ្សោយ ឈប់បំពេញកិច្ចការប្រចាំថ្ងៃ និងគ្រោះថ្នាក់បំផុតនោះអាចឈានដល់ការគិតខ្លីទៀតផង។

ដូច្នេះខាងក្រោមជាវិធីចិត្តសាស្ត្រងាយៗលោកអ្នកអាចចាប់ផ្តើមអនុវត្តដើម្បីមើលថែសុខភាពផ្លូវចិត្តដែលមិនអាចមើលរំលងរាល់វិនាទីណាឡើយ៖

1.និយាយចេញនូវអារម្មណ៍របស់លោកអ្នក អាចជួយសម្រួលដល់ភាពតានតឹងក្នុងចិត្ត និងសម្ពាធផ្លូវចិត្ត។

2.ការបង្កើនភាពសកម្ម ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ជាការអនុវត្តដ៏សំខាន់បំផុតក្នុងការពង្រឹងសុខភាព មិនត្រឹមសុខភាពរាងកាយទេ ជាពិសេសសុខភាពផ្លូវចិត្តទៀតផង។ ការហាត់ប្រាណជួយសម្រួលដល់ការដេកឲ្យលក់ស្រួល ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនិងប្រសើរជាងមុន។ ជាពិសេសការហាត់ប្រាណ ជួយទៅដល់សុខភាពខួរក្បាលឲ្យមានលំនឹងនិងដំណើរការល្អប្រសើរ។

3.របបអាហារត្រឹមត្រូវ ក៏ជាកត្តាមួយសំខាន់ផងដែរ។ ខួរក្បាលយើងត្រូវការសារធាតុចិញ្ចឹមជាច្រើនប្រភេទសម្រាប់ការលូតលាស់ និងដំណើរការឲ្យកាន់តែប្រសើរ។ ដូចតែសរីរាង្គផ្សេងៗនៃរាងកាយដែលត្រូវការលូតលាស់តាមរយៈចំណីអាហារដែរ ខួរក្បាលយើងក៏ដូចគ្នា ចាំបាច់ត្រូវការវីតាមីនសំខាន់ៗ សារធាតុរ៉ែ ប្រូតេអ៊ីន ដើម្បីសុខភាពផ្លូវចិត្ត។

4.ការពិសាគ្រឿងស្រវឹង ដើម្បីបំបាត់ទុក្ខ ពុំមែនជាដំណោះស្រាយដ៏ល្អនោះទេ។ ពិតមែនវាអាចធ្វើឲ្យយើងភ្លេច និងសប្បាយមួយពេល ប៉ុន្តែក្រោយពីអស់ជាតិអាល់កុល ឬក៏ភ្ញាក់ពីដំណេកវិញ សារជាតិស្រវឹងកាន់តែធ្វើឲ្យអាការកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ទៅដល់ខួរក្បាល និងសុខភាពរាងកាយថែមទៀត។

ដូច្នេះគ្រឿងស្រវឹងពុំមែនជាជម្រើសដ៏ល្អក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តឡើយ។

5.ការលំហែកាយ ក៏ជាការលំហែខួរក្បាលដែរ។ ការចំណាយថវិកា និងពេលវេលាដើម្បីខ្លួនឯង ដូចជាការដើរលេង ឬក៏ញុំាម្ហូបអាហារដែលខ្លួនចូលចិត្ត ក៏អាចជួយបំបាត់ទុក្ខកង្វល់ទាំងឡាយ តាមរយៈការទុកពេលវេលាឲ្យលោកអ្នកគិតពីរឿងសប្បាយៗ ដើម្បីចៀសវាងពីបញ្ហាស្ត្រេស ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់លោកអ្នក។

6.ការជួយ ឬការទទួលបានដំបូន្មាននិងដំណោះស្រាយពីអ្នកដទៃ ពុំបានន័យថា លោកអ្នកខ្សោយនោះទេ ប៉ុន្តែវាជាភាពខ្លាំងរបស់លោកអ្នកដែលហ៊ានបើកចិត្តឲ្យទូលាយ និងប្រាប់ឲ្យអ្នកដទៃដឹងអំពីបញ្ហា និងរង់ចាំទទួលយករាល់ដំបូន្មានទាំងឡាយ។

គ្មានពីណាគេម្នាក់ល្អឥតខ្ចោះឡើយ ពោលគឺតែងជួបបញ្ហាមិនចេះឈប់ឈរ ហើយបញ្ហាខ្លះស្រាល រីឯខ្លះក៏ធ្ងន់ដែរ។ អ្វីដែលសំខាន់នោះមិនមែនបញ្ហាតូចឬធំនោះទេ ប៉ុន្តែតើលោកអ្នកប្រកាន់ភ្ជាប់នូវគោលជំហរក្នុងការដោះស្រាយបញ្ហានោះដោយរបៀបម៉េច។ បើលោកអ្នកមិនអាចទទួលយកបញ្ហានោះបាន ការលូកឈោងទៅរកការជួយពីអ្នកដទៃ ជាដំណោះស្រាយមួយដ៏ល្អ និងប្រសើរផងដែរ៕

Check Also

ហេតុការណ៍ទាំង ១៣ ដែល​អាចជួយសង្គ្រោះជីវិតរបស់ អ្នកបានពេញមួយថ្ងៃ

មនុស្សជាច្រើនបានរងរបួសនិង ស្លាប់សូម្បីតែអាចត្រូវបានជៀសវាង បានប្រសិនបើមនុស្សដឹងអំពីរបៀបធ្វើ

Leave a Reply

Your email address will not be published.