ព្រះអង្គគ្រូ គូ សុភាព៖ កុំធ្វើរឿងទាំង7នេះ ជីវិតនិងរីករាយ

សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងតែត្រូវការផ្នែកសេចក្តីសុខផ្លូវចិត្ត។ ហើយពួកគេក៏ចាប់ផ្តើមទទួលស្គាល់ថា សម្ភារៈខាងក្រៅដូចផ្ទះ ឡាន ទូរស័ព្ទ គ្រឿងអលង្ការ និងរបស់ទំនើបផ្សេងៗមិនអាចផ្តល់សេចក្តីសុខ ពិតប្រាកបានឡើយ។ មានតែការអប់រំចិត្តឱ្យយល់ពីសភាវៈពិតក្នុងជីវិតនេះ​ទើបអាចឱ្យជីវិតយើងបានសុខពិតប្រាកដ។

សម្រាប់ព្រះអង្គគ្រូ គូ សុភាព ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានមានថេរដីកាថា៖«ជីវិតយើងនឹង វាមិនមែនចេះ តែបានសុខតាមការចង់បានរបស់យើងទេ។ វាមានរឿងខ្លះ ទាមទារឱ្យត្រូវសន្សំ ត្រូវជៀសវាងដើម្បីឱ្យផ្លូវចិត្តនឹង បានស្ងប់ បានសុខ។ ហើយបើចង់ឱ្យចិត្តយើងបានសុខកុំទម្លាប់ធ្វើរឿងទាំងនេះ។»

1. កុំខឹងច្រើន

ពេលដែលយើងខឹង សួរថាគេពិបាក រឺក៏យើងពិបាក។ យើងខ្លួនឯងទេដែលពិបាក ដូចយកភ្លើងមកដុតខ្លួនឯងឱ្យក្តៅ ហើយស្រែក រអ៊ូតែខ្លួនឯង។ ចេះអត់ធ្មត់ខ្លះទៅ ព្រោះក្នុងជីវិតយើងនេះ ជួបរឿងមិនគាប់ មិនដូចចិត្តច្រើនណាស។

2.កុំលោភលន់ពេក

មិនមែនបានន័យថា មិនឱ្យយើងប្រឹងរក ប្រឹងសន្សំទេ។ យើងត្រូវតែប្រឹងប្រែង ប្រឹងសន្សំ ព្រោះក្នុងជីវិត វាមានតម្រូវការច្រើន។ យ៉ាងណាក៏ដោយ កុំចង់បានរហូតភ្លេចធ្វើទាន ភ្លេចធ្វើអំពើល្អ ចង់បានរហូតលែងស្គាល់ អាក្រក់ល្អ។ ពេលដែលចិត្តចង់បានមិនចេះគ្រប់ ចិត្តនៅតែលំបាក ព្រោះវាអត់ទាន់បានរបស់ដែលខ្លួនបានមក។

3.កុំហួងហែងខ្លាំងពេក

រឿងខ្លះទោះជាយើង ត្រូវយកចិត្តទុកដាក់យ៉ាងណា ក៏វានៅតែមិនបានតាមការប្រឹងប្រែងរបស់យើងដែរ។ របស់ខ្លះគួររៀនលះ ប្រសើរជាងហួងហែង។ ហួងហែងកាន់តែខ្លាំង អ្នកដែលពិបាកគឺយើងវិញទេ។ រៀន ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ជាជាងហួងហែងរបស់ក្រៅពីខ្លួនយើង។ វាមិនទៀង មិនប្រាកដថាអាចជារបស់យើងទេ។

4.កុំច្រណែន

យើងអត់មានអីត្រូវទៅច្រណែននិងភាពជោគជ័យរបស់គេទេ។​ ហើយក៏អត់ត្រូវទៅកើតទុក្ខព្រោះតែគេ​បានជោគជ័​យ បានសុខដែរ។ រៀនបើកចិត្តឱ្យទូលាយ ហើយរៀនសាទ និងរីករាយនូវអ្វីដែលបានជោគជ័យ និងមានក្តីសុខ។ កុំច្រណែនគេ ដោយសារតែខ្លួនឯងមិនដូចគេ ហើយទៅបំផ្លាញសុភមង្គល សេចក្តីសុខគេ គឺវាកាន់តែធ្វើឱ្យខ្លួនឯងកើតទុក្ខក្នុងចិត្តច្រើន។

5.កុំមើលទោសគេពេក

បើយើងមិនទាន់ល្អឥតខ្ចោះទេ កុំទាន់ទៅចាប់កំហុសគេ។ ត្រូវទទួលស្គាល់ថា លើលោកនេះគ្មានអ្នកណាធ្វើខុសទាំងអស់ ហើយត្រូវទាំងអស់ដែរ។ គឺមានទាំងពីរ វាត្រូវផង ខុសផង។ ត្រូវចេះជួយកែលម្អគ្នា ប្រសើរជាងចាំលើកទោសគ្នា។ យូរៗទៅ មួយៗចាំតែចាប់កំហុស លើកទោសគ្នាទៅវិញទៅមក។

6.រីករាយអ្វីដែលខ្លួនមាន

កុំទៅកើតទុក្ខ ព្រោះតែមិនមានរបស់ទំនើបៗដូចគេ។ កុំយកជីវិតយើង ទៅប្រៀបធៀបជាមួយគេ។ ព្រោះវាឱ្យយើង​ អត់សប្បាយចិត្ត​។ ហើយពេលខ្លះ អាចថាមើលងាយខ្លួនឯង ស្អប់ខ្លួនឯងថែមទៀត។ ប៉ុន្តែយើងត្រូវប្រឹងប្រែង​ អំណត់អត់ធន់ចំពោះការងារ។ មិនមែនបានន័យថា​ រីករាយរបស់ខ្លួនមានហើយ មិនប្រឹងប្រែងនោះទេ។

7.អប់រំចិត្ត

ដឹងហើយថាចិត្តវាលំបាកអប់រំណាស់។ បាននេះហើយ កីមិនសុខ មិនគ្រប់។ របស់ណាមិនបានដូចចិត្តក៏ចេះតែខឹង មូហ្មៅក្តៅហាយ។ គេថាអី ទាស់ចិត្តតិច មិនបានទេគឺក្តៅ ជេរប្រទេច គេឯងតាមកំហឹងដែលផ្ទុះ។ ដើម្បីឱ្យចិត្តបានសុខ ត្រូវរៀនស្តាប់គំនិតអប់រំពីព្រះសង្ឃ ពីអ្នកមានបទពិសោធន៍​ ហើយជាពិសេសរៀនធ្វើ សមាធិឱ្យបានរាល់ថ្ងៃ​ ទើបអាចស្វែងយល់ពីចិត្ត ហើយអាចបង្កើតសេចក្តីសុខបានច្រើន៕

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.