មហាសេដ្ឋីហុងកុង វ័យ៩០ឆ្នាំ លោក លី កាស៊ីង ជាសេដ្ឋីជំនួញដ៏ពូកែម្នាក់ មានជំនាញលក់និងចរចាយ៉ាងបិុនប្រសព្វ ដោយសាររូបលោកធ្លាប់មានជីវិតក្រីក្រលំបាក ដើរលក់ទំនិញតាមផ្ទះគេ ដើរលក់គ្រប់ទីកន្លែង តាំងពីកុមារភាពដើម្បីចិញ្ចឹមជីវិត ដូច្នេះហើយទើបធ្វើឲ្យរូបលោកជួបមនុស្សជាច្រើន គ្រប់ប្រភេទ ដែលបទពិសោធន៍ទាំងនេះអាចឲ្យលោកប្រើប្រាស់ទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ការធ្វើជំនួញក្រោយៗមកទៀត។
មហាសេដ្ឋីវិនិយោគប្រចាំតំបន់អាស៊ីរូបនេះ នៅគ្រប់ពេលថ្លែងសុន្ទរកថាជាសាធារណៈ លោកតែងតែមានប្រសាសន៍ផ្តាំទៅសហគ្រិនជំនាន់ក្រោយ “ឲ្យធ្វើការកុំរំពឹងតែប្រាក់ខែពីក្រុមហ៊ុនមួយមុខ ប៉ុន្តែត្រូវខិតខំធ្វើការដោយផ្តោតលើគោលដៅរបស់ខ្លួន”។
សេដ្ឋី លី បានបញ្ជាក់ទៀតថា ពេលធ្វើការឲ្យគេ មិនថាក្រុមហ៊ុនោះតូចឬក៏ធំ ចូរធ្វើការឲ្យមានគោលដៅខ្លួនឯងឲ្យច្បាស់លាស់ កុំធ្វើដើម្បីតែប្រាក់ខែមួយមុខ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ផុងនឹងការងារនោះព្រោះតែប្រាក់ខែ ហើយបាត់ឱកាសដើម្បីកសាងក្តីស្រមៃដែលអ្នកចង់បាន ដូចពាក្យស្លោកមួយឃ្លាដែលគេតែងតែលើកឡើងថា “ពេលអ្នកទទួលបានប្រាក់ខែមួយខែ អ្នកកំពុងបាត់បង់ពេលវេលារបស់ខ្លួនឯង៣០ថ្ងៃ”។ លើសពីនេះទៀត លោកថាមនុស្សដែលការធ្វើការមានគោលដៅច្បាស់លាស់ គេមានកម្លាំងចិត្តនិងមានថាមពលជាងមនុស្សដែលគ្មានគោលដៅ ហើយរីកចម្រើនលឿននិងឆាប់ទទួលជោគជ័យឆាប់រហ័សជាង ទោះបីជាបុគ្គលនោះជួបឧបសគ្គលំបាកៗច្រើនយ៉ាងណាដ៏ដោយ។
“ធ្វើការឲ្យគេត្រូវមានគោលដៅច្បាស់លាស់ និងរយៈពេលកំណត់មួយ កុំធ្វើមួយជីវិត កុំផ្ញើវាសនានឹងអ្នកដទៃយូរពេក”៕