មានផ្នត់គំនិតបែបណា ខ្លះដែលជាគ្រឹះក្នុងការ សម្រេចជោគជ័យរបស់ ​មនុស្ស

ទស្សន​ជាទូទៅ​នៅ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា អំណោយទាន​នៃ​ទេពកោសល្យ​ពី​ធម្មជាតិ​របស់​បុគ្គល​ម្នាក់ៗ ជា​អ្នក​កំណត់​នូវ​ភាព​ជោគជ័យ​របស់​បុគ្គល​នោះ។ បើ​ពិចារណា​ឲ្យ​សើៗ​ទៅ ជាក់ស្ដែង​គឺ​វា​បែប​នេះ​មែន ប៉ុន្តែ​វា​គ្រាន់​តែ​ជា​កត្តា​រួម​ចំណែក​មួយ​ផ្នែក​ទៅលើ​ភាព​ជោគជ័យ​របស់​បុគ្គល​នោះ​តែ​ប៉ុណ្ណោះ។ រាល់​បុគ្គល​ដែល​គិត​ដូច្នេះ កំពុង​តែ​បង្កើត​នូវ​ទស្សន​មិន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​ទៅលើ​កត្តា​កំណត់​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ៗ​ហើយ។

ចុះ​ឯណា​ទៅ​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ គុណភាព​នៃ​ការ​គិត​របស់​ពួកគេ ការ​ជម្នះ​តស៊ូ និង​កត្តា​ផ្លូវចិត្ត​ជា​ច្រើន​ផ្សេង​ទៀត​នោះ?

សំណួរ​សួរ​ថា ប្រសិន​បើ​ភាព​ជោគជ័យ​មិនមែន​កើត​ចេញ​ពី​ទេពកោសល្យ​ពី​កំណើត​របស់​មនុស្ស​តែ​ម្យ៉ាង ចុះ​មាន​កត្តា​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត? សូម​ចងចាំ​ចុះ​ថា មនុស្ស​ម្នាក់​ពូកែ​ជាង​មនុស្ស​ម្នាក់​ទៀត​បាន គឺ​ដោយសារ​តែ​វិធី​នៃ​ការ​គិត​របស់​ពួកគេ តើ​ពួកគេ​គិត​បែប​ណា? ដែល​ជា​ផ្នត់គំនិត​របស់​ពួកគេ​នោះ​ឯង។ បន្ទាប់​មក​ផ្នត់គំនិត​របស់​ពួកគេ នឹង​បង្កើត​ជា​អត្តចរិត​របស់​ពួកគេ​ឡើង។ លទ្ធផល​ស្ដែង​ចេញ​ជា​ស្ថានភាព​និង​បទពិសោធន៍​គ្រប់​យ៉ាង​ក្នុង​ជីវិត​ពួកគេ​គឺ​ដូច​ទៅ​នឹង​ទស្សនវិទូ​ក្រិក ហេរ៉ាគ្លីត ពោល​ថា “ចរិត​របស់​មនុស្ស​ម្នាក់ គឺជា​ជោគវាសនា​របស់​ពួកគេ”។

ដូច្នេះ តើ​ផ្នត់គំនិត​អ្វី​ខ្លះ​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​អ្នក?

1. បង្កើន​នូវ​ការ​គោរព​ចំពោះ​ខ្លួនឯង

សមិទ្ធផល​អស្ចារ្យ​របស់​បុគ្គល​ម្នាក់ ត្រូវ​ចាប់ផ្ដើម​ពី​បុគ្គល​នោះ​មាន​ផ្នត់គំនិត​ត្រឹមត្រូវ​ចំពោះ​ខ្លួនឯង​ជា​មុន​សិន។ បើ​ពួកគេ​មិន​ទាំង​អាច​ហ្វឹកហាត់​ការ​គិត​របស់​ខ្លួន​ទៅ​រក​គំនិត​ត្រឹមត្រូវ និង​សុទិដ្ឋិនិយម​ផង តើ​ពួកគេ​ម្ដេច​នឹង​អាច​មាន​ភាព​ក្លាហាន​ជំរុញ​ខ្លួនឯង​ឲ្យ​ក្រោកឈរ​ឡើង​នឹង​ការ​ប្រឆាំង​របស់​អ្នកដទៃ​ដែល​ជា​ការ​បង្អាក់​រំខាន​មក​លើ​ពួកគេ​បាន​នោះ ? អ្នក​សាក​ត្រិះរិះ​ទៅ​មើល​ថា តើ​ភាព​បរាជ័យ​ក្នុង​ពេល​នេះ និង​ពេល​អតីត​កន្លង​មក អាច​ទៅ​រួច​ទេ​ដែរ​ថា​វា​មក​ពី​ផ្នត់គំនិត​មិន​ត្រឹមត្រូវ​ដែល​អ្នក​មិន​បាន​ផ្ដល់​ការ​គោរព​ចំពោះ​ខ្លួនឯង ?

2. បង្កើត​នូវ​ការ​យល់​ឃើញ​ឈ្នះៗ

ឈាន​ចេញ​មួយ​កម្រិត​ពី​ការ​គិត​ត្រឹមត្រូវ​របស់​អ្នក​ចំពោះ​ខ្លួនឯង​រួច​ហើយ វិធី​ដែល​អ្នក​ជ្រើសរើស​សម្លឹង​មើល​ពិភព​ជុំវិញ ក៏​រឹតតែ​សំខាន់​ទៅ​ទៀត។ នៅ​ក្នុង​ស្ថានភាព​លំបាក​ដូច​គ្នា​មួយ មនុស្ស​ពីរ​នាក់​អាច​មើល​ឃើញ​ផ្សេង​ពី​គ្នា។ ស្រប​ពេល​ម្នាក់​មើល​ឃើញ​ថា​វា​ជា​ឧបសគ្គ​មិន​អាច​ជម្នះ​បាន វា​នឹង​មាន​ម្នាក់​ទៀត​នឹង​មើល​ឃើញ​ថា​វា​ជា​ឱកាស​ចាប់​យក​លាភ​សំណាង​ទៅវិញ។

3. កម្លាំង​ជំរុញ

នៅ​ពេល​មាន​ផ្នត់គំនិត​ត្រឹមត្រូវ​ចំពោះ​ខ្លួនឯង និង​ពិភព​ជុំវិញ​ហើយ កម្លាំង​ជំរុញ​នឹង​ដើរ​តួ​ជា​មូលហេតុ​ដ៏​សំខាន់​សម្រាប់​បុគ្គល​ម្នាក់ៗ​ប្រឹងប្រែង​បន្ត​ដំណើរ​ឆ្ពោះ​ទៅមុខ​ជានិច្ច ដើម្បី​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដ៏​ស្រស់​ត្រកាល​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ពួកគេ។

4. ប្រឈម​មុខ​នឹង​ឧបសគ្គ

មាន​ផ្នត់គំនិត​ត្រឹមត្រូវ​ទាំង​ចំពោះ​ខ្លួនឯង និង​ពិភព​ជុំវិញ ព្រម​ទាំង​មាន​កម្លាំង​ជំរុញ​ចិត្ត​ទៀត តែ​ហេតុអ្វី​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​អាច​ឈាន​ទៅ​ដល់​គោលដៅ​របស់​ពួកគេ​បាន? តើ​នេះ​ជា​ជោគវាសនា​របស់​ពួកគេ​ដែល​កំណត់​មក​ថា​ដូច្នេះ​រួច​ទៅ​ហើយ​ឬ? ប៉ុន្តែ ហេតុអ្វី​ពួកគេ​មិន​សួរ​ខ្លួនឯង​ទៅវិញ​ថា “តើ​ខ្ញុំ​ពូកែ​ទ្រាំ​ប៉ុណ្ណា? មាន​ភាព​អត់ធ្មត់​កម្រិត​ណា? ចង់​បាន​វា​ខ្លាំង​ប៉ុណ្ណា?” ចម្លើយ​របស់​ពួកគេ​នឹង​កំណត់​ពី​ភាព​ជោគជ័យ​ឬ​ភាព​បរាជ័យ​របស់​ពួកគេ​មិន​ខាន៕

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.