មិននឹកស្មានថាក្រមហ៊ុនយន្ត ហោះ Lion Air ដែលធ្លាក់ចូល​សមុទ្រ មានប្រវត្តិគួរឲ្យ​ខ្លាចអី ចឹងសោះ

យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​របស់ ​ក្រុម​ហ៊ុន Lion Air Group ប្រភេទ Boeing​ 737 ជើង​ហោះ​ហើរ​លេខ ​JT-610 ដែល​មាន​ផ្ទុក​ អ្នកដំណើរ​ចំនួន​ ១៨៩​នាក់​ បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ បន្ទាប់ពី​បាន​ហោះ​ចេញ​ពី​រដ្ឋធានី​ហ្សាកាតា​ ឆ្ពោះ​ទៅកាន់​​​​ទីក្រុង​ Pangkal ​Pinang នៃ​កោះ Bangka Island ​បាន​ត្រឹមតែ​រយៈពេល ១៣​នាទី​ប៉ុណ្ណោះ​។

រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​អ្នក​ដំណើរ​ណា​ម្នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​នៅ​រស់រាន​មាន​ជីវិត​ឡើយ គឺ​មាន​តែ​សាក​សព​ចំនួន ២២​នាក់ ហើយ​ព័ត៌មាន​នេះ​ បាន​ធ្វើឲ្យ​ក្រុម​គ្រួសារ​របស់​អ្នកដំណើរ​មាន​ការ​ភ័យ​តក់ស្លុត​ និង​នាំគ្នា​ទ្រហោ​យំ​ជា​ខ្លាំង​។ ក្រោយ​មាន​រឿង​ហេតុ​ដ៏​អាក្រក់​ពី​ការ​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន ​Lion Air នោះ​ក៏​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​គ្រប់​គ្នា​មិន​នឹក​ស្មាន​ដល់​ថា​ប្រវត្តិ​របស់​ Lion Air ​គួ​ឲ្យ​ខ្លាច​បែប​នេះ​ទេ។ ឥឡូវ​​​មក​មើល​ប្រវត្តិ​ខ្លះៗ​របស់​ក្រុម​ហ៊ុន Lion Air ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខ្លាច​រអា៖

ឆ្នាំ ២០១៣៖ យន្តហោះ​មួយ​គ្រឿង​របស់ Lion Air ​ផ្ទុក​មនុស្ស ១០៨​នាក់ បាន​រអិល​កង់​ចេញ​ពី​ផ្លូវ​រត់ ​ធ្លាក់​ចូល​សមុទ្រ​នៅ​លើ​កោះ​បាលី​ ធ្វើ​ឲ្យ​យន្តហោះ​ដាច់​ជា ២​កំណាត់ ​ប៉ុន្តែ​សំណាង​គ្មាន​អ្នក​ស្លាប់។​ ឆ្នាំ ២០១៤៖ យន្តហោះ​មួយ​របស់​ Lion Air ​រត់​ធ្លាក់​បណ្ដាល​ឲ្យ​ផ្លូវ​ស្លាប់​មនុស្ស​យ៉ាង​តិច​ ៣២​នាក់ និង​របួស ៦១​នាក់​ ដោយ​សារ​អាកាសធាតុ​អាក្រក់​នៅ​ខេត្ត Central Java។ ​ឆ្នាំ​២០១៦ ខែ​ឧសភា៖ យន្តហោះ​ Lion Air​ ពីរ​គ្រឿង​បាន​ប៉ះ​គ្នា​នៅ​ព្រលាន​ Soekarno-Hatta នៃ​រដ្ឋធានី​ហ្សាកាតា។

២០១៧៖ យន្តហោះ​ប្រភេទ​ Boeing​ មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ Lion Air បាន​បើក​ប៉ះ​ជា​មួយ​យន្តហោះ​ Wings Air​ ខណៈ​ពេល​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​ គូឡាម៉ាមូ​ នៅ​លើ​កោះ​ស៊ូម៉ាត្រា ​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​ជា​សំណាងល្អ​ មិន​មាន​អ្នកដំណើរ​ណា​ម្នាក់​ឡើយ​រង​របួស​ទេ។ និង​ឆ្នាំ​ ២០១៨៖ ថ្ងៃទី២៩ តុលា​ថ្មីៗនេះ ​ស្លាប់​ ១៨៩​នាក់ ដោយ​សារ​ធ្លាក់​ចូល​សមុទ្រ​ជ្វា​ តែ​មិន​ទាន់​ដឹង​មូល​ហេតុ។

បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​វិញ​ ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air​ ធ្លាប់​ត្រូវ​បាន​អឺរ៉ុប​ចុះ​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​សារ​តែ​បញ្ហា​អ​សុវត្ថិភាព​។ រហូត​ទាល់​តែ​ដល់​ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ​ ទើប​អឺរ៉ុប​ដកចេញ​ពី​បញ្ជី​ខ្មៅ​វិញ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​កែ​លម្អ​ផ្នែក​សុវត្ថិភាព​របស់​ខ្លួន។

ចំណែក​យន្តហោះ​ Boeing ​737 ​នេះ ជា​ប្រភេទ​យន្ត​ហោះ​ដែល​ទើបនឹង​ទិញ​ថ្មី​ ហើយ​ទើបតែ​ដាក់ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ពោល​គឺ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ ឆ្នាំ២០១៨​នេះ​។ វា​គឺជា​យន្តហោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​រយៈ​ចំងាយ​ខ្លី​ និង​ក្នុង​តម្លៃ​ទាប​ បើ​ប្រៀបធៀប​នឹង​ក្រុម​ហ៊ុន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។

​ឯ​ប្រទេស​អូស្ត្រាលី ​បាន​ចេញ​សេចក្ដី​ណែនាំ​បន្ទាន់​មួយ​ឲ្យ​មន្ត្រី​ និង​បុគ្គលិក​រដ្ឋាភិបាល​ទាំង​អស់​មិន​គួរ​ជិះ​យន្តហោះ​ណា​មួយ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Lion Air ​នោះ​ទេ​ បន្ទាប់​ពី​ជួប​ឧបទ្ទវហេតុ​កក្រើក​ពិភព​លោក​នេះ។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​របស់​សារព័ត៌មាន​ឥណ្ឌូនេស៊ី The Jakata Post ​កាល​ពី​ថ្ងៃ​ទី ២៩​តុលា​ម្សិលមិញ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៩ ​តាម​ការ​កត់​ត្រា​យ៉ាង​តិច​ជួប​ឧបទ្ទវហេតុ​ទាំង​តូច​ទាំង​ធំ​ចំនួន ១២​ដង​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០២​មក​ដល់​បច្ចុប្បន្ន។

ភ្លាមៗ​ក្រោយ​គ្រោះ​អកុសល​នេះ​ តំណាង​ក្រុម​ហ៊ុន​ Lion Air ​បាន​និយាយ​ថា​ ក្រុមហ៊ុន​ពិតជា​ខ្វល់​ខ្វាយ​ខ្លាំង​ណាស់​អំពី​គ្រោះ​ថ្នាក់​ យន្តហោះ​ធ្លាក់​ចូល​ទឹកសមុទ្រ​ជម្រៅ ​៣០​-៤០ ​ម៉ែត្រ​នេះ​។ ក្រៅ​តែ​ពី​នេះ​ ក្រុម​ហ៊ុន​នឹង​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ និង​ដៃគូ​ពាក់​ព័ន្ធ​ឆាប់ៗ​ ដើម្បី​ឆ្លើយ​តប​នឹង​គ្រោះ​អកុសល​នេះ​។

ទាក់​ទិន​បញ្ហា​នេះ ខាង​ក្រុម​ហ៊ុន​ក៏​បាន​សម្ដែង​នូវ​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ធ្លាក់​យន្តហោះ​នេះ​ដែរ​។ ជាក់ស្តែង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air​ បាន​និយាយ​ថា​ ខាង​ក្រុមហ៊ុន​ពិត​ជា​មិន​យល់​សោះ​ ថា​ហេតុអ្វី​បានជា​យន្តហោះ​ធ្លាក់​បាន​ បើ​យន្ត​ហ្នឹង​វា​ថ្មី​ ហើយ​ទើបនឹង​ដាក់​ឲ្យ​ដំណើរការ​ទៀត។ អ្វី​គេ​សន្និដ្ឋាន​ដំបូង​ជា​បច្ចេកទេស ​ចំណែក​អ្នក​វិភាគ​មួយ​ចំនួន​ថា អាច​ជា​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​​ទោះ​គ្មាន​តម្រុយ​ណា​មួយ។

បើ​និយាយ​ពី​សោកនាដកម្ម​ធ្លាក់​យន្តហោះ​អាក្រក់ៗ​បំផុត​ប្រវត្តិសាស្ត្រ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ជិត ១០​លើក ​តែ​យើង​សូម​លើក​យក​កំពូល​គេ​ទាំង ៣។ ​ថ្ងៃ​ទី២៦ ​ខែ​កញ្ញា ឆ្នាំ​១៩៩៧ ​ស្លាប់​មនុស្ស​ច្រើន​ជាង​គេ​បំផុត​ចំនួន ២៣៤​នាក់​ដោយ​យន្តហោះ​ប្រភេទ Airbus A300B4 ​របស់​ក្រុមហ៊ុន Garuda Indonesia រត់​បុក​ទួល​នៅ​ព្រលាន Medan ខេត្ត North Sumatra។ ថ្ងៃ​ទី ២៨ធ្នូ ឆ្នាំ២០១៤ ស្លាប់​មនុស្ស ១៦២​នាក់​ដោយ​យន្តហោះ AirAsia Airbus A320 ធ្លាក់​ចូល​សមុទ្រ​ជ្វា​ដោយ​សារ​ព្យុះ​។ ថ្ងៃទី២៩ តុលា ២០១៨ ​នេះ​ស្លាប់​ ១៨៩​នាក់ ធ្លាក់​ចូល​សមុទ្រ​ជ្វា​ដោយ​ក្រុមហ៊ុន Lion Air៕

Check Also

រន្ធត់ណាស់! យុវជន ម្នាក់ជិះម៉ូតូបុករថយន្ដ​ កុងតៃន័រ ស្លាប់មួយរំពេច

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នង ល្បឿនលឿនគោលបំណងដឹកម្ហូប ឲ្យភ្ញៀវ តែមិនទាន់ដល់ផងស្រាប់

Leave a Reply

Your email address will not be published.