យើងមិនក្លាយជាអ្នកជំនាញ ដោយ​ហៅខ្លួនឯងថាជាអ្នកជំនាញទេ

ពេលដែលចំណូលរបស់យើង ពឹងទាំងស្រុងទៅលើជំនាញដែល យើងមាន យើងគួរតែដឹងពីសារសំខាន់នៃការ ក្លាយខ្លួនជាអ្នកជំនាញម្នាក់ហើយ។​ ការទទួលស្គាល់ពីអ្នកដទៃ និងភស្តុតាងដែលបង្ហាញពីអ្វីដែលយើងធ្លាប់ធ្វើ ជា​មធ្យោបាយដើម្បីទទួលបានឈ្មោះជាអ្នកជំនាញ។ យើងមិនក្លាយជា​អ្នកជំនាញ ដោយគ្រាន់តែហៅខ្លួនឯងថាជាអ្នកជំនាញនោះទេ។

ពេលខ្ញុំចូលធ្វើការក្នុងក្រុមហ៊ុនទិញលក់រូបិយប័ណ្ណអន្តរជាតិ គេបានបង្រៀនខ្ញុំឲ្យណែនាំខ្លួនឯងទៅកាន់អ្នកដទៃថា ជា​អ្នកជំនាញទិញលក់រូបិយប័ណ្ណ។ ខ្ញុំគ្មានចំណេះដឹងអ្វីទេ ហើយក៏មិនធ្លាប់ស្គាល់ទីផ្សារលុយអ្វីដែរ។ អ្វីដែលខ្ញុំចេះ គឺតេរទូរស័ព្ទណាត់ភ្ញៀវ និង​រៀនទិញលក់ដោយប្រើគណនីក្លែងក្លាយ (demo account)។ ខ្ញុំក្លាយជា​អ្នកជំនាញ ដែលគ្មានជំនាញ ដើម្បីធ្វើឲ្យអ្នកដែលគ្មានជំនាញផ្សេងទៀត ទុកចិត្ត ហើយព្រមដាក់លុយរបស់គេឲ្យខ្ញុំបានចំណេញ។

រាប់មកដល់ពេលនេះ ប្រហែលជា​៥ឆ្នាំ ខ្ញុំយល់ច្បាស់ថា ធ្វើយ៉ាងណាទើបមានឈ្មោះថា ជា​អ្នកជំនាញ។ ការបោកខ្លួនឯង ឬបោកអ្នកដទៃ ថាយើងចេះដល់កម្រិតអ្នកជំនាញ លែងជា​អ្វីដែលខ្ញុំចង់បានទៀតហើយ។

ខាងក្រោមនេះ ជា​អ្វីដែលខ្ញុំយល់ ទាក់ទងនឹងការក្លាយខ្លួនជា​អ្នកជំនាញ ៖

បើយើងគ្មានស្នាដៃដែលប្រើការបាន ឬបទពិសោធន៍ច្បាស់លាស់ក្នុងអ្វីដែលយើងធ្វើទេ នោះយើងមិនមែនជា​អ្នកជំនាញទេ។ ស្នាដៃ និង​បទពិសោធន៍ច្រើនណាស់ ទើបបង្កើតជាជំនាញក្នុងខ្លួន។
យើងមិនក្លាយជា​អ្នកជំនាញ ដោយការហៅខ្លួនឯងទេ។ អ្នកដទៃ ជាអ្នកសម្រេច​លើឈ្មោះរបស់យើង។ ភាគច្រើន យើងតែងតែឲ្យតម្លៃខ្លួន លើសពីសមត្ថភាព និងគិតថា ខ្លួនឯងចេះច្រើនហើយ។
អ្នកជំនាញ មិនពូកែតែទ្រឹស្តីមួយមុខទេ តែពូកែទាំងការដោះស្រាយបញ្ហាផងដែរ។ ពូកែថា ពូកែធ្វើ។
គ្មានអ្នកណាក្លាយជា​អ្នកជំនាញ ដោយចាំតែធ្វើតាមគេនោះទេ។​ បើយើងជា​អ្នកជំនាញ គួរណាស់តែមានគេស្តាប់យើង មិនមែនស្តាប់តាមគេទេ។
អ្នកជំនាញ មានសមត្ថភាពអាច​រកលុយ និង​បង្កើតការងារឲ្យខ្លួនឯង។​​
ដោយសារខ្ញុំយល់ពីរឿងនេះ ខ្ញុំក៏ចាប់ផ្តើមប្រយ័ត្នខ្លួន និង​បើកជំនាញសង្ស័យរបស់ខ្ញុំឲ្យមានដំណើរការគ្រប់ពេលដែលខ្ញុំលឺអ្នកណាហៅខ្លួនគេថា ជា​អ្នកជំនាញ។ អ្នកជំនាញអចលនទ្រព្យ ដែលមិនធ្លាប់ទិញដីខ្លួនឯង, អ្នកជំនាញដោះស្រាយវិបត្តិស្នេហា ដែលមិនធ្លាប់មានស្នេហាពិតប្រាកដ, អ្នកជំនាញផ្នែកកែសម្រស់ ដែលមិនដែលចូលរៀនត្រឹមត្រូវ, អ្នកជំនាញខាងលើកទឹកចិត្ត ដែលពូកែតែអង្អែលខ្នង និងអ្នកជំនាញជាច្រើនទៀត ដែលខ្ញុំធ្លាប់ជួប ហើយរកកន្លែងជឿមិនបាន។

វាមិនងាយទេ ដើម្បីក្លាយខ្លួនជា​អ្នកជំនាញក្នុងផ្នែកអ្វីមួយ។

Check Also

20ការរចនាដែលមិន បានប្រែក្លាយដូចដែល ពួកគេត្រូវបានគេនឹកឃើញ

ការរចនាការគិតមិនល្អមាន អំណាចក្នុងការរំខានយើង ធ្វើ ឱ្យយើងមានអារម្មណ៍តានតឹង Share on Facebook Tweet Follow us Share Share Share Share Share

Leave a Reply

Your email address will not be published.