សហគ្រិនឆ្នើម3រូប៖ ប្រាប់ មូលហេតុនាំឲ្យយុវជនខ្មែរក្រ ក្រហើយក្រទៀត ងើបមុខមិនរួច

មនុស្សកើតមកក្រ មិនមែនជាកំហុស តែបើស្លាប់ហើយនៅតែក្រនោះទើបជាកំហុសរបស់យើង នេះជាពាក្យសម្តីដែលមនុស្សទូទៅតែងនិយាយជារឿយៗ។ ក្រអាចមានមូលហេតុច្រើន តែចំណុចសំខាន់បំផុតនោះ កុំឱ្យតែក្រគំនិត ព្រោះបើក្ររបៀបនេះច្បាស់ជាក្រមួយជីវិត ងើបមុខរួចឡើយ។ តែមនុស្សមួយចំនួនហាក់មិនផ្តល់តម្លៃលើគំនិតនៅឡើយទេ។ ខាងក្រោមនេះ​ជាទស្សនៈរបស់សហគ្រិនជោគជ័យ៣រូប និយាយអំពីមូលហេតុនាំឱ្យក្រ និងវិធីសាស្ត្រក្រោកចេញពីភាពក្រីក្រ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បាន​លើក​ឡើងថា«ការខ្ចិលធ្វើឲ្យយើងក្រ តែបើយើងឧស្សាហ៍ហើយនៅតែក្រ ក៏មកពីយើងរកស៊ីខុស» ជាការពិតណាស់បើខ្ចិលហើយនឹងក្រដោយស្វ័យប្រវត្តិមិនខាន តែបើខំរកស៊ីហើយ តែខំខុសផ្លូវនោះក៏នៅតែក៏ដូចគ្នា ដូច្នេះអាជីវករទំាងឡាយគួរគិតពិចារណាលើមុខរបបណាមួយឲ្យបានច្បាស់មុននឹងចាប់ផ្តើមវាចៀសវាងការចាប់ផ្តើមខុស។

លោកឧកញ៉ាក៏បានពន្យល់ថា ការក្រអាចតកូនចៅ ព្រោះកើតមកពីភាពខ្ចិលរបស់ខ្លួន ដោយសារដេកក្រក្រោក ទម្រាំបានទៅដល់កន្លែងការងារខាតពេលវេលាច្រើនណាស់។ ម្យ៉ាងវិញអ្នកខ្លះឧស្សាហ៍ហើយ តែនៅតែក្រ ព្រោះរកស៊ីខុស ហើយអត់ជំនួយប្រាប់ពីខាងក្រៅ។ បញ្ហានេះយើងគួរតែដាក់ខ្លួនបន្តិចយកនរណាម្នាក់ធ្វើជាគ្រូរបស់យើងសម្រាប់សួរនាំទាក់ទងនឹងការរកស៊ី នោះរបបរបស់យើងនឹងជោគជ័យច្រើនជាងការធ្វើដោយខ្លួនឯង គ្មានការប្រឹក្សាយោបល់ពីអ្នកមានបទពិសោធន៍។

លោកអោម សេងបូរ៉ា ជាប្រធាន CEO Master Club យល់ថា ភាពក្រីក្រកើតចេញពីផ្នត់គំនិតរបស់យើង ដោយមានភាពទន់ជ្រាយលើផ្នែកហិរញ្ញវត្ថុ ហើយនិយមពឹងផ្អែកលើជំនួញពីអ្នកដទៃ បន្តបង្កើតជីវិតខ្លួនឯងទៅជាអ្នកគ្មានឯករាជ្យហិរញ្ញវត្ថុ។ ក៏ប៉ុន្តែបើយើងពឹងគេ ឬក៏ខ្ចីគេមករកស៊ី នោះវានឹងធ្វើឲ្យអ្នកប្រសើរឡើង ជាជាងការខ្ចីលុយមកចាយគ្មានទិសដៅ មិនមានលទ្ធភាពសងទៅគេវិញ មិនត្រឹមតែប៉ុណ្ណោះ តម្លៃរបស់អ្នកក៏កាន់តែធ្លាក់ចុះផងដែរ។

លោកបន្ថែមថា គ្រួសារក្រីក្រភាគច្រើន មានអ្នកចេញរកលុយតែម្នាក់ ឬក៏អ្នករកតិចជាងអ្នកចាំស៊ី ដូច្នេះវានឹងឲ្យសកា្តនុពលរកប្រាក់ចំណូលវាពិបាក ហើយប្រសិនបើបុគ្គលចេញរកស៊ីនោះជួបបញ្ហា ឬឈឺនោះវិបត្តិហិរញ្ញវត្ថុនឹងកើតមានឡើងមិនខាន នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដ៏ជីវភាពគ្រួសារ។ ដូច្នេះយើងត្រូវបង្កើនសមាជិក សម្រាប់ចេញរកឲ្យអស់លទ្ធភាព វានឹងងាយទាញគ្រួសាររបស់អ្នកចេញពីភាពក្រីក្រ។

លោកបន្តថា កត្តាប្រភពចំណូល ក៏ជាកត្តាជះឥទ្ធពលខ្លាំងទាញយើងឲ្យក្រ ឬទាញយើងឲ្យយើងក្លាយទៅជាអ្នកមាន។ បើយើងប្រកបរបបតូចតាច និងរបបដដែល វារុញច្រានឲ្យប្រភពចំណូលយើងតិចតួច មិនបានបង្កើននូវប្រាក់ចំណូលនោះទេ។ ដូច្នេះត្រូវរកមុខរបបណាដែលអាចរកចំណូលបានច្រើនសមល្មមអាចឲ្យយើងឈានជើងទៅរកភាពមានបាន។

ចំណែកលោកសំ កុសល CEO of Business Cambodia មានប្រសាសន៍ថា ពាក្យ«រងចាំ» អាចឲ្យអ្នកក្រមួយជីវិត តែក៏អាចធ្វើឲ្យអ្នកក្លាយជាមានដែរ។ ពាក្យថា រង់ចាំបណ្តាឲ្យអ្នកនៅតែក្រអស់មួយជីវិត ព្រោះអ្នកមិនហ៊ានចេញរកស៊ីភ្លាមៗ ដោយរង់ចាំមានលុយគ្រប់គ្រាន់ ឬមានបទពិសោធន៍ច្រើនចាំចេញរកស៊ី តែលទ្ធផលបានត្រឹមខាតពេលវេលា។ ចាំមានលុយសិន ចាំចេញរកស៊ី ជាពាក្យគេប្រើប្រាស់ច្រើន តែបានបង្កប់អត្ថន័យអវិជ្ជមាន សម្រាប់សហគ្រិនខ្លួនឯង មិនឲ្យមានឱកាសចេញរកស៊ី។

«មានបុគ្គលខ្លះ រង់ចាំមានលុយសិន ចាំគិតរកស៊ី រង់ចាំរហូតធុញទ្រាំលែងចង់រកស៊ី ក្លាយជាបុគ្គលប្រើពេលឥតប្រយោជន៍ និងបន្តរស់នៅក្នុងភាពក្រីក្របន្តទៀត»។

លោកបានផ្តល់ដំណោះស្រាយថា បើទោះជាអ្នកគ្មានដើមទុន គ្មានពិសោធន៍ ក៏អាចចេញរកស៊ីបានដែរ មិនបាច់រង់ច្រើននោះទេ តែអ្នកត្រូវប្រើប្រាស់គំនិតឆ្លាតវៃខ្លួនឯង ចេះបង្កើតគំនិតរកស៊ីថ្មីៗ ដើម្បីបង្កើតដើមទុន និងបទពិសោធន៍បាន ជាជាងការអង្គុយចាំ។ ជាឧទាហរណ៍៖ អ្នកអាចខ្ចីលុយ ឬបទពិសោធន៍ពីអ្នកដទៃ សម្រាប់ចេញរកស៊ីបាន សំខាន់កុំរង់ចាំតទៀត។

លោកបន្ថែមថា ពាក្យ«រង់ចាំ» អាចឲ្យអ្នកក្លាយជាអ្នកមានបានដែរ ព្រោះដោយសារអ្នកខិតខំទ្រាំលំបាក តស៊ូចេញរកស៊ីយូរណាស់មកហើយ ចាំតែថ្ងៃជោគជ័យមកដល់តែប៉ុណ្ណោះ។ មានអ្នកខ្លះរងចាំ(ចេញរកស៊ី) ៣ឆ្នាំ ៥ឆ្នាំក៏មាន ទម្រាំអាជីវកម្មខ្លួនឯងជោគជ័យ ពង្រីកកាន់តែធំ ដំណើរការល្អ៕

 ប្រភព: Business Cambodia

Check Also

អ្នកជំនាញបង្ហើបថា ការធុញទ្រាន់គឺជាគន្លឹះនៃ ទំនាក់ទំនងដ៏យូរអង្វែង និងរីករាយ

ទំនាក់ទំនងថ្មីគឺជាការរួមបញ្ចូលគ្នា នៃចំណង់ចំណូលចិត្តនិងភាពសប្បាយ រីករាយដែលធ្វើឱ្យអរម៉ូនរបស់

Leave a Reply

Your email address will not be published.