ហេតុផល៣ធំៗ ធ្វើអោយអ្នករារែកក្នុង ការសម្រេចចិត្តទិញសិទ្ធអាជីវកម្ម Franchise

បច្ចុប្បន្នអាជីវកម្មលក្ខណៈហ្រ្វេនឆាយបានកំពុងមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងយីហោក្នុងស្រុក និងក្រៅស្រុក ដែលបានបោះទីតាំងរកស៊ីស្ទើរគ្រប់ច្រកល្ហកទៅហើយនៅទីក្រុងភ្នំពេញ ក៏ដូចជារីកសាយទៅដល់បណ្តាខេត្តធំៗមួយចំនួនទៀតផងដែរ។

ថ្វីត្បិដថា អាជីវកម្មបែបនេះមានភាពងាយស្រួលក្នុងចាប់ផ្តើម និងមិនសូវមានហានិភ័យខ្ពស់ ប៉ុន្តែមិនមែនមានន័យថា គ្រប់អាជីវកម្មហ្រ្វេនឆាយទាំងអស់សុទ្ធតែទទួលបានជោគជ័យនោះទេ ប្រសិនបើអ្នកគិតគូនិងសិក្សាមិនបានដិតដល់។
ពាណិជ្ជកម្មកម្ពុជា សូមលើកយកហេតុផលធំៗចំនួន៣ ដែលធ្វើឲ្យអ្នករារែកក្នុងការសម្រេចចិត្តទិញសិទ្ធអាជីវកម្ម Franchise មកចាប់ផ្តើមរកស៊ី៖

1.តម្លៃសិទ្ធអាជីវកម្ម
អាជីវកម្ម Franchise ណាដែលកាន់តែមានសក្តានុពល តម្លៃក៏កាន់តែខ្ពស់ទៅតាមនោះផងដែរ។ ជាក់ស្តែងតម្លៃសិទ្ធអាជីវកម្មលំដាប់កំពូល McDonald’s មានតម្លៃចន្លោះពី ១,០០៨,០០០ដុល្លារអាមេរិក រហូតដល់ ២,២១៤, ០៨០ដុល្លារអាមេរិកឯណោះ។
លើសពីនេះទៅទៀត ម្ចាស់សិទ្ធិអាជីវកម្មតម្រូវឲ្យអ្នកចំណាយលើការទិញសិទ្ធិ ចំណាយប្រចាំខែ ចំណាយលើការកាត់ចំនែកផលចំណេញ ការផ្សព្វផ្សាយ និងការចំណាយផ្សេងៗដ៏ច្រើនទៀត ដូច្នេះអ្នកត្រូវគណនាឲ្យល្អិតល្អន់ដើម្បីប្រាកដថាអ្នកអាចរ៉ាប់រងបាន ឬក៏អត់?
ចំពោះមុខ ប្រសិនបើអ្នកមានដើមទុនមិនទាន់រឹងមាំ ដែលពិបាកនឹងទិញសិទ្ធអាជីវកម្មបាននៅឡើយ អ្នកគួរចាប់របរណា ដែលអាចចំណាយពេលដំណើរការដោយខ្លួនឯងបាន។ នេះគឺជាឱកាសដើម្បីរៀនសូត្រពីតួនាទី ការងារ ហើយអាចរើសបុគ្គលិកបានត្រឹមត្រូវ រហូតអាចពង្រីករបរអោយបានធំជាជាងទិញ Franchise ពីគេទាំងហិរញ្ញវត្ថុនៅទន់ខ្សោយ ដែលធ្វើអោយអ្នកជួបហានិភ័យធំក្រោយពេលទិញរួច។
ចំណុចដែលអ្នកគួរពិចារណាមានដូចជា៖
-អ្នកមានទុនបម្រុងប៉ុន្មានដើម្បីខាតបង់ ក្នុងករណីការលក់មិនទាន់មានការកើនឡើងហើយឬនៅ
-ចំណូលរំពឹងទុក និងចំណាយប៉ុន្មានដែលអ្នកអាចរ៉ាប់រងបានក្នុងករណីការលក់ធ្លាក់ចុះ
-អ្នកមានចំណូលពីការវិនិយោគផ្សេងទៀត ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃដែរ ឬទេ ។ល។

2.ការសម្រេចចិត្ត
ប្រសិនបើអ្នកទិញសិទ្ធអាជីវកម្មពីគេ ច្បាស់ណាស់ថា ការសម្រេចចិត្តសំខាន់ៗជាច្រើន ដែលអាចមានឥទ្ធិពលលើវប្បធម៌ និងភាពជោគជ័យនៃអាជីវកម្មរបស់អ្នក គឺស្ថិតក្រោមកណ្តាប់ដៃរបស់ម្ចាស់សិទ្ធិអាជីវកម្ម ពោលគឺអ្នកត្រូវដើរតាមលំនាំនៃប្រព័ន្ធសិទ្ធិអាជីវកម្មតាមម្ចាស់ដើមទាំងស្រុង ដែលជាអ្នកកំណត់ផ្លូវឲ្យអ្នកដើរតាម។
ដូច្នេះ ពេលអ្នកទិញសិទ្ធិអាជីវកម្មបានរួចរាល់ហើយនោះ អ្នកនឹងត្រូវជួបចំនុចទាំងនេះ៖
-ដើរតាមផ្លូវដែលគេគូសវាស ឬគោលការណ៍ច្បាប់របស់ម្ចាស់សិទ្ធិគ្រប់ពេល
-រំពឹងលើប្រាក់ចំណូលដែលបានពីអាជីវកម្មនោះប៉ុណ្ណោះ
-ត្រូវស្របតាមដំណើរការជាប្រព័ន្ធ និងផលិតផលរបស់ម្ចាស់អាជីវកម្មដែលលក់សិទ្ធអោយជានិច្ច ។ល។

3.គោលបំណង
សហគ្រិនជោគជ័យជាច្រើន តែងមានគោលដៅសម្រាប់ការរកស៊ី ឬអាចនិយាយមួយបែបទៀតថា ដើរតាមក្តីស្រមៃរបស់ខ្លួនឯង ជាជាងបណ្តាក់ទុនរកស៊ីសម្លឹងឃើញតែចំណេញ ប៉ុន្តែក៏មិនមែនមានន័យគ្រប់អាជីវកម្មបែប Franchise សុទ្ធតែប្រាស់ចាកពីគោលបំណង និងចំណង់ចំណូលចិត្តរបស់សហគ្រិនគ្រប់រូបនោះដែរ។
ការទិញសិទ្ធិធុរៈកិច្ច Franchise គឺជាការទិញប្រព័ន្ធនៃប្រតិបត្តិការរបស់អាជីវកម្មណាមួយដើម្បីយកមកធ្វើប្រតិបត្តិការលក់បន្ត មានន័យថាអ្នកយល់ព្រមទិញទាំងម៉ាកសញ្ញា ផលិតផល សេវាកម្ម និងប្រព័ន្ធនៃការគ្រប់គ្រងទាំងមូល។
ជាធម្មតា ការទិញ Franchise គឺត្រូវបានកំណត់ឡើងដោយក្រុមហ៊ុនមេ ឫ ម្ចាស់ដើមដែលហៅថា Franchisor ហើយប្រសិនបើការលក់របស់អ្នកទិញសិទ្ធិបន្ត ធ្វើខុសនឹងគោលការណ៍កំណត់របស់ម្ចាស់ដើម Franchisor នោះពួកគេអាចប្រឈមនឹងការពិន័យ ឫ អាចត្រូវបានដកសិទ្ធិត្រឡប់មកវិញផងដែរ៕

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.