ថ្ងៃនេះអាណាចក្រចង់នាំលោកអ្នក មកអានអត្ថបទខ្លីមួយ ដែលចង់ អប់រំចិត្តមនុស្សគ្រប់គ្នា ជាពិសេស អប់រំមនុស្សសម័យថ្មី ឬក៏ក្មេងជំនាន់ថ្មី ឱ្យមានសុទិដ្ឋិនិយមនៅក្នុងខ្លួន។
មានពស់មួយក្បាលបានចូលក្នុងហាងរោងជាងមួយ ភ្លាមនោះស្រាប់តែ ពស់នោះបានលូនទៅប៉ះនឹងផ្លែរណារ ហើយក៏មុតដាច់ខ្លួនវាបន្តិច ប៉ុន្តែពស់នោះមិនសុខចិត្ត វាក៏បានបកក្រោយទៅខាំដងរណារ តែបែរជាធ្វើឱ្យវាឈឺមាត់ខ្លួនឯងថែមទៀត។ ទោះយ៉ាងណាក៏ដោយ ពស់នោះនៅតែមិនអស់ចិត្ត វាក៏បានយកខ្លួនទៅរំរណារនោះ តែវាបានត្រឹមតែធ្វើអោយពស់នោះឈឺខ្លាំងលើសដើមដល់ចេញឈាមជោគជាំ ដោយសារតែពស់បានប្រើកំលាំងខ្លាំងទៅៗ រហូតវាក៏បានស្លាប់ដោយធ្មេញរណារមុតនឹងខ្លួនរបស់វា។
តួយ៉ាង ត្រលប់មកមើលពីជីវិតមនុស្សវិញ ពេលខ្លះយើងខឹងស្អប់អ្នកណាដែលធ្លាប់ធ្វើបាបយើង ឫគេបានធ្វើបាបអារម្មណ៍របស់យើង យើងចង់សងសឹកវិញណាស់ តែការសងសឹកខ្លះបានត្រឹមតែធ្វើបាបខ្លួនឯងដូចពស់មួយក្បាលនេះចឹង។
ជាការពិត ការសងសឹកពិតគឺជាការអត់ឱន ឫ ដើរចេញធ្វើមិនដឹងទៅវិញទេ សត្រូវរបស់អ្នកប្រាកដជាបរាជ័យ ពេលណាដែលពួកគេធ្វើបាបអ្នក ហើយអ្នកនៅតែរស់នៅបានសុខ ដោយការធ្វើបាបរបស់គេ គេមិនអាចរំខានការគិតអ្វីរបស់អ្នកឡើយ។ បើយើងរវល់តែទៅសងសឹកគេវិញ មានន័យថាយើងមិនមានពេលអភិវឌ្ឍន៏ឱ្យល្អ និងរីកចំរើនឱ្យគេឃើញនោះទេ ហើយបែរជាគិតតែពីរឿងអ្នកដទៃភ្លេចគិតពីខ្លួនឯង ធ្វើឱ្យខ្លួនឯងរស់នៅមិនសុខស្រួលទៅវិញ៕
អត្ថបទល្អផ្សេងទៀត៖ រឿងអប់រំ៖ បាចក្រដាសទៅក្នុងខ្យល់! អានរួចធានាអ្នកលែងហ៊ានហារម៉ាត់និយាយលេងច្រើនទៀតហើយ!
មានថ្ងៃមួយ បុរសចំនាស់ម្នាក់បានទៅនិយាយប្រាប់អ្នកភូមិគ្រប់គ្នាថា ក្មេងប្រុសម្នាក់នៅក្បែរផ្ទះគាត់នោះគឺជាចោរប្លន់ម្នាក់ ហើយអោយមនុស្សគ្រប់គ្នាប្រយ័ត្នប្រយែងអោយបានម៉ត់ចត់។ ដោយសារតែខ្លាចមានបញ្ហាអសន្តិសុខ អ្នកភូមិបានប្តឹងអោយប៉ូលីសចាប់ក្មេងជំទង់ម្នាក់នោះដាក់គុក។
បានដូចចិត្ត ក្មេងប្រុសនោះពិតជាត្រូវគេចាប់យកទៅឃុំសួរចម្លើយមែន។ ប៉ុន្តែបន្ទាប់ពីសួរចម្លើយរួច ធាតុពិតទៅក្មេងប្រុសនោះមិនមែនជាចោរដូចជាពាក្យបុរសចំនាស់នោះចោទឡើយ ហើយគេក៏បានដោះលេងអោយចេញមកវិញ។ ថ្វីបើមិនមែនទោសពិតមែន បុរសនោះត្រូវបានអ្នកភូមិស្អប់រើសអើង មិនរាប់រកនិយាយជាមួយនឹងគេ និងក្រុមគ្រួសាររបស់គេទៀត។
ក្មេងនោះមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹងទៅបុរសវ័យចំនាស់នោះវិញ។ នៅក្នុងតុលាការ បុរសចំនាស់នោះប្រកែកថា ខ្លួនគ្រាន់តែនិយាយបែបនេះប៉ុណ្ណោះ ប៉ុន្តែខ្លួនមានបានទៅធ្វើទុក្ខបុកម្នេញលើរាងកាយនរណាម្នាក់ឯណោះ។ ក្រោយពីលើពាក្យប្រកែកនោះ តុលាការបានអោយបុរសនោះត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែគេត្រូវសរសេរពាក្យដែលខ្លួនប្រាប់ទៅអ្នកភូមិអំពីរឿងក្មេងប្រុសនោះ ហើយតាមផ្លូវទៅផ្ទះ បុរសចំនាស់នោះត្រូវកាត់ក្រដាសជាចំនែកតូចៗរួចបោះតាមផ្លូវរហូតដល់ផ្ទះសឹមឈប់។ បុរសនោះក៏ធ្វើតាមបញ្ជារបស់តុលាការ។
ស្អែកឡើងដល់ថ្ងៃកាត់ក្តី តុលាការបាននិយាយថា មុននឹងចេញសេចក្តីសម្រេចថានរណាជាអ្នកឈ្នះ បុរសចំនាស់នោះត្រូវចេញទៅប្រមូលក្រដាសដែលខ្លួនបានបាចនោះត្រលប់មកវិញ សូម្បីតែមួយក៏មិនអោយសល់។ បុរសនោះខឹងយ៉ាងខ្លាំង រួចបាននិយាយថា បើក្រដាសនោះបានបោះចោលទៅហើយ ម្យ៉ាងមានខ្យល់បក់ពេញហ្នឹងទៀត តើខ្លួនម៉េចនឹងអាចទៅប្រមូលមកវិញទៅ?
ក្រោយមកតុលាការបានឆ្លើយតបវិញថា “វាដូចតែគ្នាទេ នៅពេលដែលអ្នកនិយាយពីនរណាម្នាក់ដោយមិនបានដឹងពីរឿងហេតុច្បាស់លាស់នោះ វានឹងធ្វើអោយខូចកេរ្តិ៍ឈ្នោះរបស់គេមានការយល់ច្រលំទៅគ្រប់ទីកន្លែង ប្រៀបដូចជាក្រដាសដែលហោះហើរទៅគ្រប់ទីកន្លែងអញ្ចឹង។ ការដែលក្រដាសមិនអាចប្រមូលមកវិញបាន គឺប្រៀបដូចជាកិត្តយសដែលគេបានបាត់បង់ហើយ មិនអាចដោះស្រាយបានអញ្ចឹងដែរ”។ បុរសចំនាស់នោះក៏បានដឹងកំហុស រួចក៏សុំការអភ័យទោសពីក្មេងប្រុសនោះ។
មូលន័យអប់រំនៃរឿង៖ ពាក្យគ្រប់ម៉ាត់របស់អ្នកអាចជាអាវុធយ៉ាងមុថស្រួច បើនិយាយមិនបានគិតដិតដល់ ហើយវាអាចបង្កជាបញ្ហាបានគ្រប់ពេល ដូច្នេះហើយថ្ងៃក្រោយមកនឹងហារស្តីអ្វីចេញមក អ្នកត្រូវគិតហើយគិតទៀតថាវាមានប្រយោជន៍អ្វីដល់អ្នក រឺដល់គេរឺអត់៕