អ្នកជំនួញជោគជ័យ​ជើងចាស់ ​មិនដែល​ចាប់អារម្មណ៍ចំពោះ របរកស៊ីសាមញ្ញៗតាមគេទេ

ភ្នំពេញ៖​ យុវជន​កម្ពុជាមួយ​ចំនួននាពេល​បច្ចុប្បន្ន កំពុង​មាន​និន្នាការ ចំពោះការ​ចាប់ផ្ដើម​របរ​ ឬជំនួញ ដោយខ្លួន​ឯង ព្រោះ​មិន​ចង់​ធ្វើ​ការងារ​ឲ្យគេ ក៏ងាក​មក​បង្កើត​របរ​តាមគ្នា​ជាបន្ដបន្ទាប់ ខណៈដែល​អ្នក​ជំនួញ​ជោគជ័យ​ជើង​ចាស់​មួយចំនួន​នៅស្រុកខ្មែរថា ពួកគាត់​មិនដែល​ចាប់រម្មណ៍​ ចំពោះ​របរ​រកស៊ី ដូចសហគ្រិន​វ័យ​ក្មេង​ខ្លះ​កំពុង​ធ្វើ​តាមគ្នានោះទេ។

របររកស៊ីបច្ចុប្បន្ន​ មាន​ច្រើន​ប្រភេទណាស់ ពិសេស​ការ​រកស៊ីផ្នែក​ចំណីអាហារ ព្រោះ​មនុស្ស​ចាប់​ផ្ដើម​រវល់​ជាង​មុន ហើយ​មិន​មាន​ពេល​ធ្វើ​ខ្លួន​ឯង​ កត្ដានេះហើយ ជាការ​ជំរុញ​មួយឲ្យ​សហគ្រិន​ជំនាន់ថ្មី​ងាកទៅ​ប្រកប​​របរ​រកស៊ី​តាមគ្នាជាហូរហែ​ លើ​មុខរបរ​លក់​ចំណីអាហារនេះ។

ទាក់ទិន​នឹង​ការ​រកស៊ី​ ដោយ​មិន​មាន​គោលដៅច្បាស់លាស់ ឃើញគេ​លក់ដាច់ រកស៊ីបាន ក៏​ចង់​តាមគេ ភាគច្រើនរបរទាំង​នោះ មិនសូវ​ដំណើរការ​បាន​យូរ​អង្វែងឡើយ។

​ស្រ្ដី​អ្នក​ជំនួញ​ជើងចាស់ម្នាក់ ដែល​កំពុង​ជោគជ័យ​ខ្លាំង​លើ​របរ​លក់​ចំណីសត្វ GreenFeed គឺ លោក ស្រី គីម ហ៊ាង បាន​មាន​ប្រសាសន៍​ថា គាត់​​មិនដែល​ចាប់​អារម្មណ៍​ចំពោះ​របររកស៊ី ដែល​សហគ្រិន​វ័យ​ក្មេង​ជំនាន់ថ្មី​ កំពុង​តែ​ធ្វើ​តាមគ្នានេះទេ ដែល​ពួកគេភាគច្រើន​បង្កើត​របរតាមគេ មាន​ដូចជា របរ​បើក​ហាងកាហ្វេ ស៊ុប និង​កន្លែង​ផឹកស៊ីជាដើម​។

លោកស្រី​​លើក​ឡើង​ថា «មុន​​ចេញរកស៊ី ត្រូវ​ដឹង​ថា អ្វីដែលយើង​ធ្វើនេះ មាន​ទំហំ​ប៉ុណ្ណា​ដល់​សាធារណៈជន ហើយ​វាមាន​សក្ដានុពល​កម្រិត​ណា​»។

លោក​ស្រី​បាន​បន្ដថា «ទម្លាប់ខ្ញុំ មុន​នឹង​ខ្ញុំ​ចេញរកស៊ី ខ្ញុំ គិត​ គូរ ហើយ​ខ្ញុំ​ប្រឹង​ធ្វើ​ រហូតទាល់តែរបរ​នោះ ដំណើ​រ​ការ​ជោគជ័យ​ ទោះជាមាន​អ្នក​ណានិយាយបែបណា ក៏​ខ្ញុំ​មិនខ្វល់ដែរ ព្រោះ​ខ្ញុំ​ច្បាស់​លើ​អ្វីដែល​ខ្ញុំ​ធ្វើ​»។

លោក​ស្រី​បាន​រម្លឹក​ឡើង​ថា មិន​មែន​តែ​យុវជន​ជំនាន់ថ្មី​នៅ​កម្ពុជាទេ សូម្បីតែកូន​លោក​ស្រី ក៏ធ្លាប់​រក​ស៊ី​បរាជ័យដែរ ព្រោះ​គាត់​មិនសូវ​គិត​គូរច្រើន ហើយ​មិន​សួរ​គេ​អ្ន​ក​មាន​បទពិសោធន៍ គ្រាន់​តែ​ឃើញ​ក៏ចង់ភ្លាម​ ពេល​ធ្វើ​ទើបដឹង​ថា​ ធ្វើ​មិនកើត ហើយ​មិន​ដូចការគិត​ងាយៗនោះទេ​។

មិន​ខុស​ពីការ​លើកឡើងនេះដែរ លោក សំ កុសល ស្ថាបនិកពាណិជ្ជកម្ម​កម្ពុជា ដែល​លោក​ធ្លាប់​មាន​បទសោធន៍​ច្រើន​ឆ្នាំ​ចំពោះ​ការចេញរកស៊ីបានមើល​ឃើញ​ថា ការ​ចាប់​ផ្ដើម​អាជីវកម្ម ដំបូង សហ​គ្រិន ត្រូវ​ធ្វើ​មុនគេនោះគឺ ស្វែង​រក​ក្ដី​ស្រមៃ ឬស្វែង​រក​របរណាដែល​ ស៊ីមិនចេះអស់ គេ​ប្រើ​របស់​យើង ហើយ​ គេអរគុណ​យើង​ថែមទៀត​។

លោក​បាន​លើកឡើង​ថា «ត្រូវ​តែ​ហាន​ចេញ​រកស៊ី​ កុំខ្លាច តែមុន​ដំបូង ត្រូវ​ស្វែង​រក​ក្ដី​ស្រម៉ៃ​ឲ្យ​ឃើញ​សិន ហើយ​ក្ដីស្រមៃនោះ ជា​អ្នក​រុញ​យើង​ឲ្យ​ដើរ​ទៅមុខ​មិនរាថយ​ឡើយ»។

ទោះជាយ៉ាណា ពាណិជ្ជកម្មកម្ពុជា លើក​ទឹកចិត្ដ​ឲ្យ​យុវជន​ត្រូវ​ហានចេញរកស៊ី កុំ​ប្រើ​ពាក្យ​ចាំ តែ​ត្រូវ​ស្វែង​រក​របរ​ណា​ដែល​ជាតម្រូវ​ការពិត គេ​ប្រើ​របស់​យើង​ហើយ​អរគុណយើង​គ្រប់ពេល​៕

សម្រួលដោយ: Spring

Check Also

លី កាសុីង៖​ ពេលអ្នកនៅក្រ​ អ្នកជួបឧបសគ្គរាប់មិនអស់ ​តែកុំខូចចិត្ត​ទុកកម្លាំងជំនះ ឧបសគ្គវិញល្អជាង

លោកមហាសេដ្ឋីទើបចូលនិវត្តន៍​គឺ លោក​លី កាសុីង​ ធ្លាប់បានថ្លែង​ណែ នាំ​ប្រជាជន​ហុងកុងថា​ ពេលអ្នកនៅក្រ

Leave a Reply

Your email address will not be published.