ថ្មីៗនេះ ខ្ញុំបានកំពុងតែស្រាវជ្រាវពី របៀបដែលសហគ្រិនពូកែៗជាច្រើន រើសមនុស្សពូកែមកធ្វើការ នៅក្នុងនោះ លោក Robert Kuok ជាសហគ្រិនទី១ដែលខ្ញុំប្រម៉ាញ់គំនិតគាត់។
មហាសេដ្ឋីលេខ១ម៉ាទ្បេសុីរូបនេះពូកែជ្រើសរើសមនុស្សណាស់ហើយគាត់បានលើកទ្បើងថា ពេលអ្នករើសមនុស្សមកធ្វើការ បើខ្វះ៣លក្ខណះខាងក្រោមនេះ នោះអ្នកកំពុងរើសមនុស្សខុសហើយ។
បុគ្គលិកលក្ខណះទី១ ដែលបេក្ខជនត្រូវមានគឺទេពកោសល្យ។ ទេពកោសល្យគឺមានច្រើនបែបណាស់ វាអាចជាជំនាញឬជាគំនិតបង្កើតថ្មី ទាក់ទងនឹងជំនាញរបស់គាត់។ទេពកោសល្យមិនសំដៅលើសញ្ញាបត្រនោះទេ អ្នកខ្លះទោះរៀនបានតិចក៏ពួកគាត់អាចមានទេពកោសល្យខ្ពស់ដែរ ដូចនេះលោកមហាសេដ្ឋី Robert បានផ្តាំថា អ្នកត្រូវចេះមើលគំនិតថ្មី ឬគំនិតច្នៃប្រឌិត របស់បេក្ខជនវិញប្រសើរជាង។
ភាពស្មោះត្រង់ជាបុគ្គលិកលក្ខណះទី២ ដែលបេក្ខជនត្រូវមានអត់មិនបានទ្បើយ។តាមពិតទៅលោកមហាសេដ្ឋីរូបនេះ តាមដែលខ្ញុំបានអានសៀវភៅ ជីវប្រវត្តិគាត់និងគ្រួសារគាត់ គឺគាត់និងម្តាយគាត់ជាមនុស្សប្រកាន់ សីលធម៌និងភាពស្មោះត្រង់ បានភ្ជាប់ភ្ជួនណាស់។
លោកបានលើកទ្បើងថា នៅក្នុងការរកសុីបើខ្វះភាពស្មោះត្រង់ហើយអ្វីក៏មិនទៅមុខដែរ។ គាត់បានផ្តាំថា បេក្ខជនដែលពូកែនឹងជាមនុស្សដែលមិនក្បត់នឹងក្រុមហ៊ុន មិនក្បត់នឹងអតិថិជន និងមិនក្បត់នឹងខ្លួនឯងទ្បើយ។លោកអ្នកគួររៀនមើលតើបេក្ខជននោះចូលចិត្តយកលេសទេ បើយកលេសច្រើននោះបេក្ខជនខ្វះភាពស្មោះត្រង់ហើយ។
ចុងក្រោយ បេក្ខជនដែលពូកែ ត្រូវជាមនុស្សដែលងប់នឹងការងារ។ បេក្ខជនងប់នឹងការងារជាមនុស្សដែលមានថាមពល ក្នុងការដោះស្រាយបញ្ហាប្រឈមនាៗដែលមាននៅក្នុងការងារ។ ថាមពលដែលមាននៅក្នុងខ្លួនមនុស្សពូកែនេះចាំបាច់ណាស់ដើម្បីឆ្លងការលំបាកនៅក្នុងការងារ។
ជាសរុបទៅបើអ្នករើសបានមនុស្សដែលមានបីចំណុចខាងលើនេះ នោះអាជីវកម្មរបស់អ្នកនឹងមានមនុស្សពូកែធ្វើការជាមួយ ហើយអ្នកនឹងជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន៕