Robots (មនុស្សយន្ត) ដែលត្រូវបានគេបង្កើតឡើង ដើម្បីដឹកជញ្ជូនអាហារពីភោជនីដ្ឋាន ចែកចាយទៅតាមផ្ទះ ត្រូវបានគេដាក់ដំណើរការជាផ្លូវការនៅទីក្រុង Redwood រដ្ឋ California ហើយឥឡូវបានចូលទៅដល់ទីក្រុង វ៉ាស៊ីនតោន (Washington, D.C) ហើយ។
Robots ដឹកជញ្ជូនអាហារតាមផ្ទះនេះ ត្រូវបានបង្កើតឡើងដោយលោក Ahti Heinla និង Janus Friis ដែលជាសហស្ថាបនិកក្រុមហ៊ុន Skype។
Robots នេះមានកង់ចំនួន ៦ និងមានទំងន់ ៤០ ផោន (១៨គីឡូ) ហើយអាចធ្វើដំណើរបាន ៤ ម៉ាយ ក្នុងមួយម៉ោង (៦.៥គីឡូម៉ែត្រ ក្នុងមួយម៉ោង)។ ជាងនេះទៅទៀត វាត្រូវបានគេរំពឹងថា អាចដឹកជញ្ជូនអាហារពីភោជនីដ្ឋាន ចែកចាយទៅតាមផ្ទះអតិថិជនបានប្រមាណ ១០ ជើង ក្នុងមួយថ្ងៃ។
អតិថិជន គ្រាន់កម៉្មង់នូវអាហារដែលគេចូលចិត្ត និងប្រាប់ពីអាស័យដ្ឋាន ព្រមទាំងផ្ញើរលុយតាមធនាគារជាការស្រេច ប៉ុន្មាននាទីក្រោយ គេនឹងទទួលបានអាហារដែលគេបានកម៉្មង់ តាមរយៈ Robots នេះ។
កាលពីសប្តាហ៍មុនក្រុមហ៊ុនបច្ចេកវិទ្យា Starship ទទួលបានប្រាក់ ១៧.២លានដុល្លារអាមេរិក វិនិយោគមកលើ Robots នេះ ហើយវានឹងត្រូវដាក់ដំណើរការបន្ថែមទៀតនៅក្នុងទីក្រុងជាង ៤០ នៅអឺរ៉ុប៕
សម្រួលដោយ: Spring