WOW! ណាសាគ្រោងបង្កើត ក្រុងលើពពកដែលមិនធ្លាប់មាន នៅកន្លែងមួយនេះ (មានវីដេអូ)

អវកាស៖ ដូចដែលបានលាតត្រដាង ដោយបេសកកម្មជាច្រើន ក្នុង អំឡុងពីរបីទសវត្សរ៍ចុងក្រោយនេះរួចមក ហើយថា ភពសុក្រ ជាកន្លែងប្រៀបដូចពិភពនរកដែលមានភ្លើងឆេះកាល បរិយាកាសមានជាតិពុល-ជាតិកាត់ និងសម្ពាធខ្លាំងលើផ្ទៃដី។ ថ្វីបើបែបនេះក្តី អង្គការណាសា កំពុងរៀបចំបេសកកម្ម គោលគំនិតនៃប្រតិបត្តិការលើភពសុក្រក្នុងរយៈកម្ពស់ខ្ពស់ (HAVOC) ដើម្បីបញ្ជូនមនុស្សទៅភពនេះ។

ភពសុក្រ និងផែនដី
តើបេសកកម្ម HAVOC អាចទៅរួចទេ? គួរឱ្យដឹងថា ផ្ទៃដីនៃភពនេះមានសីតុណ្ហភាព ៤៦០ ដឺក្រេ ដែលក្តៅជាងភពពុធទៅទៀត ទោះជាស្ថិតនៅឆ្ងាយជាងព្រះអាទិត្យប្រមាណពីរដងក៏ដោយ។ កម្តៅកម្រិតនេះអាចរំលាយប៊ីស្មុត (ធាតុគីមីម្យ៉ាង) និងសំណ ឱ្យរលាយហើយស្រក់ចុះមកដូចដំណក់ព្រិលលើមេឃបាន។ ម្យ៉ាងទៀត ផ្ទៃដីពោរពេញទៅដោយភ្នំធំៗប៉ុនទ្វីប ថ្មបាសាល់ ភ្នំភ្លើង និងថ្មដុំៗ សូម្បីសណ្ឋានដីក៏មានលក្ខណៈថ្មី ព្រោះវារងមហន្តរាយជាញឹកញាប់ដោយសារកម្តៅពីស្រទាប់ក្រោម ដែលរំលាយផ្ទៃដីនៅស្រទាប់លើ។ ដូច្នេះច្បាស់ណាស់ វាជាកន្លែងដ៏គួរឱ្យខ្លាចចំពោះគ្រប់គ្នា!

សណ្ឋានដីភពសុក្រ
សំណាងល្អ គំនិតសំខាន់នៃបេសកកម្មដ៏អស្ចារ្យនេះ គឺមិនមែនបញ្ជូនមនុស្សទៅផ្ទៃដីដែលមិនអាចរស់នៅបាននោះឡើយ ប៉ុន្តែពួកគេនឹងប្រើបរិយាកាសដែលមានកំហាប់ក្រាស់ ធ្វើជាមូលដ្ឋានក្នុងការរុករកទៅវិញទេ ហើយបេសកកម្មមួយនេះពិតជាអាចទៅរួចជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន។ បើតាមផែនការគេត្រូវប្រើយានពោងខ្យល់ ដែលអាចអណ្តែតនៅបរិយាកាសស្រទាប់លើក្នុងរយៈពេលយូរ។

រូបតំណាងយានពោងខ្យល់លើភពសុក្រ
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺស្រទាប់នេះជាទីតាំងដែលមានបរិយាកាស ដូចទៅនឹងបរិយាកាសផែនដីបំផុត ក្នុងចំណោមទីតាំងទាំងអស់ក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្នុងរយៈកម្ពស់ចន្លោះពី ៥០ ទៅ ៦០ គីឡូម៉ែត្រ សម្ពាធនិងសីតុណ្ហភាពមានលក្ខណៈស្រដៀងទៅនឹងបរិយាកាសស្រទាប់ក្រោមរបស់ផែនដី ហើយសម្ពាធខ្យល់ក្នុងកម្ពស់នេះគឺប្រហែលស្មើនឹងពាក់កណ្តាលនៃសម្ពាធខ្យល់នៅកម្ពស់ទឹកសមុទ្រលើផែនដីដែរ។ និយាយឱ្យចំគឺគេមិនចាំបាច់ពាក់ឈុតអវកាសការពារសម្ពាធឡើយ ហើយក៏មិនត្រូវការឈុតការពារកម្តៅអ្វីដែរ ព្រោះសីតុណ្ហភាពនៅទីតាំងនេះមានចន្លោះពី ២០ ទៅ ៣០ អង្សាប៉ុណ្ណោះ។ បន្ថែមពីនេះក្នុងរយៈកម្ពស់ដូចបញ្ជាក់ខាងលើ បរិយាកាសមានកំហាប់ក្រាស់ល្មម ដែលអាចការពារអវកាសយានិកពីប្រតិកម្មនៃវិទ្យុសកម្មអ៊ីយ៉ុងក្នុងលំហអាកាសបាន។

បរិយាកាស និងពពកលើភពសុក្រ
ខាងក្រោមនេះជាដំណាក់កាលទាំង៥ នៃបេសកកម្ម៖

ទី១៖ ការរុករកដោយប្រើមនុស្សយន្ត/គ្រឿងយន្ត

ទី២៖ ហោះក្រឡឹងជុំវិញគន្លងគោចរ ៣០ ថ្ងៃ ដោយមានមនុស្ស

ទី៣៖ ហោះចូលទៅក្នុងបរិយាកាស ៣០ ថ្ងៃ ដោយមានមនុស្ស

ទី៤៖ ហោះចូលទៅក្នុងបរិយាកាស ១ ឆ្នាំ ដោយមានមនុស្ស

ទី៥៖ បញ្ជូនមនុស្សទៅ ឱ្យមានវត្តមានជាអចិន្ត្រៃយ៍

ដំណាក់កាលនៃបេសកកម្ម
គួរឱ្យដឹងថា បេសកកម្មបង្កើតក្រុងនៃយានពោងខ្យល់ ដែលបញ្ចូលអុកស៊ីសែន និងនីត្រូសែនដើម្បីឱ្យវាអណ្តែតលើបរិយាកាសភពសុក្រនេះ នឹងជាមធ្យោបាយក្នុងការពិសោធន៍អំពីលំនាំបរិយាកាសអាក្រក់ខ្លាំង ដែលយូរឆ្នាំទៅមុខទៀតផែនដីយើងអាចនឹងវិវត្តដល់ដំណាក់កាលនោះ ហើយប្រសិនបើវាអាចកើតឡើងមែន អ្នកវិទ្យាសាស្ត្រក៏អាចរកវិធីដោះស្រាយបានមុនហេតុការណ៍អាក្រក់កើតឡើងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Check Also

បក្សី​ដាយណូស័រ​ គឺជា​អ្នក​ប្រមាញ់​ដ៏អស្ចារ្យ

ស្រាវជ្រាវ)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកា ណាដា បាននិយាយថា ដាយណូស័រ ចេះហោះដែលត្រូវបានចាត់ទុកថាជា

Leave a Reply

Your email address will not be published.